ការព្យាបាលរោគផ្លូវចិត្តតាមវិធីព្រះពុទ្ធសាសនា

#

ការព្យាបាលរោគផ្លូវចិត្តតាមវិធីព្រះពុទ្ធសាសនា


ព្រះពុទ្ធសម្ដែងថា អ្វីទាំងអស់ទាំងមានវិញ្ញាណទាំងឥតវិញ្ញាណកើតមានតាមហេតុរបស់វា គឺហេតុផលឬកម្មផលតែងតែមានសម្ព័ន្ធភាពទាក់ទងគ្នា។ ការកើតទុក្ខឬការព្រួយចិត្តមកអំពីមានហេតុដែលនាំឲ្យព្រួយ។ ដូចនេះ ដើម្បីរំលត់វិបត្តិផ្លូវចិត្តនេះ ត្រូវរំលត់ហេតុរបស់វា វិបត្តិផ្លូវចិត្តនោះក៏ត្រូវរលត់ដែរ។ រូបដែលមានរោគក្តី ចិត្តដែលមានរោគ(ទុក្ខផ្លូវចិត្ត)ក្តី គឺជាផលដែលកើតចេញមកអំពីហេតុដែលនាំឲ្យមានរោគ។ បានសេចក្តីថា រូបដែលមានជម្ងឺ គឺបណ្តាលមកអំពីហេតុឬអំពើ(កម្ម) របស់ធាតុធ្វើការមិនតាមប្រក្រតី ដោយមានខូចអាការៈណាមួយឬបណ្តាលមកពីមេរោគណាមួយ។ ឬឯចិត្តដែលសប្បាយនិងកើតទុក្ខ ក៏បណ្តាលមកអំពីហេតុឬអំពើ(កម្ម)របស់ចិត្តបានទទួលអារម្មណ៍ជាទីគាប់ចិត្តឬមិនគាប់ចិត្ត។
ឧទាហរណ៍៖ គតិពិចារណា!

ចំពោះសិស្សនិស្សិតសិស្សប្រឡងជាប់បានទទួលសញ្ញាប័ត្រ សិស្សនោះមានការសប្បាយរីករាយចិត្ត មកអំពីបានជោគជ័យពីការសិក្សា។ ការប្រជាប់ជាហេតុ ការសប្បាយរីករាយជាផល។ ផ្ទុយទៅវិញ សិស្សកាលណាប្រឡងធ្លាក់តែងតែកើតទុក្ខ។
ដំណោះស្រាយ៖
ដំណោះស្រាយតាមមាគ៌ាព្រះពុទ្ធសាសនា គឺត្រូវឲ្យសិស្សពិចារណានូវភាពពុំទៀងទាត់នៃអ្វីទាំងអស់ កុំឲ្យមានការតូចចិត្ត ត្រូវខំប្រឹងប្រែងសិក្សាជាថ្មីទៀត នឹងទទួលបានជោគជ័យគឺប្រឡជាប់នៅពេលក្រោយទៀត។
គតិពិចារណា ចំពោះអ្នកជំនួញ
ចំពោះអ្នកប្រកបការងារចិញ្ចឹមជីវិត ដូចអ្នកធ្វើជំនួញជួញដូរផ្សេងៗ បើរកស៊ីចំណេញ ចិត្តតែងសប្បាយរីករាយបើរកស៊ីខាតបង់ចិត្តតែងកើតទុក្ខ។ នៅពេលយើងរកស៊ីខាត តើយើងគួធ្វើយ៉ាងដូចម្ដេច?
ដំណោះស្រាយ
ដើម្បីបំបាត់ការកើតទុក្ខព្រោះរកស៊ីខាត ត្រូវរកមធ្យោបាយជាថ្មី ឬសិក្សាចំណោះដឹងបន្ថែមអំពីបច្ចេកទេសនៃការធ្វើំជំនួញ ហើយប្រកបការងារបន្ត ទោះបីបានជោគជ័យក្តីមិនបានក្ដីត្រូវលះបង់ការព្រួយចិត្តព្រោះមធ្យោបាយគ្រប់យ៉ាងបានប្រើហើយ ដោយពិចារណាឲ្យឃើញការពិតថា អ្វីទាំងអស់ក្នុងលោកពុំទៀងទាត់ត្រូវតែបន្តការងារដោយសេចក្តីសង្ឃឹម។
គតិពិចារណាផ្សេងៗ
បើរបស់អ្វីមួយបាត់ត្រូវស្វែងរក បើរកពុំឃើញទេ ត្រូវដកចិត្តពីការស្តាយរបស់នោះ ដោយពិចារណាថារបស់អ្វីក្នុងលោកពុំទៀងទាត់ មិនមានខ្លឹមសារតែងតែបាត់បង់និងខូចខាតជាធម្មតា សូម្បីតែរូបរាងកាយរបស់ខ្លួនយើងក៏ស្ថិតនៅក្នុងភាពពុំទៀងដូចគ្នា។
គតិពិចារណ វិបត្តិក្នុងគ្រួសារ
បើក្រុមគ្រួសារមានម្ដាយឪពុកកូនចៅមានជំងឺ ត្រូវតែនាំទៅមន្ទីពេទ្យដើម្បីព្យាបាល បើមានវិបត្តិផ្លូវចិត្តត្រូវបញ្ជូនឲ្យអ្នកជំនាញខាងចិត្តវិទ្យា ជាពិសេសអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាជួយពន្យល់ឲ្យលះបង់នូវហេតុដែលនាំឲ្យមានវិបត្តិផ្លូវចិត្តនោះ។
គតិពិចារណា វិបត្តិស្នេហ៍
បើអ្នកមានវិបត្តិស្នេហាត្រូវពិចារណាមើល តើគួរសម្រួលគ្នារស់នៅ ឬបន្តដំណើរជាមួយគ្នាតទៅទៀត ឬមិនបាន បើសម្រួលបាន ក៏សម្រួលគ្នាទៅ បើមើលឃើញថា ទោះបីសម្រួលគ្នាបាន ក៏មិនអាចរួមរស់ជាមួយគ្នាបានយូរអង្វែងឡើយ ដោយសារទស្សនៈគឺយោបលនិងការប្រព្រឹត្តផ្សេងគ្នា ក៏គួរចែកផ្លូវគ្នាដើរទៅ កុំឲ្យខូចផ្លូវចិត្តព្រោះតែជួបមុខគ្នារាល់ថ្ងៃហើយចិត្តមិនត្រូវគ្នា។

ដកស្រង់ខ្លឹមសារសំខាន់ៗ៖ វិធីព្យាបាលផ្លូវចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា

ដោយ៖ សម្លេងអ្នកអាន