កូនសោរជីវិត

#

ក្រោមមេឃតែមួយតែយើងម្នាក់ៗមានវាសនាខុសៗគ្នា។ មនុស្សជាអ្នកគូសវាសវាសនារបស់ខ្លួន មិនអាចសុំអោយនរណាម្នាក់មកកំណត់លើជោគវាសនារបស់យើងបានឡើយ។ ដោយសារតែជីវិតមួយនេះមានតម្លៃខ្លាំង ទើបវាតម្រូវអោយយើងម្នាក់ៗត្រូវហែលឆ្លងវដ្ដនៃជីវិតដូចជាការសប្បាយរីករាយ ទុក្ខលំបាក សេចក្ដីវិនាសព្រាត់ប្រាស់ ជោគជ័យ បរាជ័យ។ ល។ ពិតណាស់យើងនឹងមិនសប្បាយចិត្តស្របពេលដែលយើងជួបបញ្ហាឡើយ ហើយយើងក៏មិនចង់អោយបញ្ហាទាំងនេះធ្លាក់មកលើខ្លួនយើងដែរ។ យើងមិនអាចមិនព្រមទទួលយកវាបានទេ ហើយយើងក៏មិនអាចលើកយកបញ្ហារបស់យើងអោយទៅអ្នកផ្សេងបានដែរ ផ្ទុយទៅវិញយើងអាចប្រើប្រាស់ភាពឆ្លាតវៃរបស់អ្នកដើម្បីដោះស្រាយវាបាន។ ក្រោយពីបានដោះស្រាយវាបានហើយ អ្នកនឹងទទួលបានកូនសោរមួយសម្រាប់អោយអ្នកយកទៅដោះស្រាយបញ្ហានៅថ្ងៃអនាគត។ កូនសោរមួយនេះជាបទពិសោធន៍ដ៏មានតម្លៃរបស់អ្នកដែលមិនអាចមានជនណាម្នាក់អាចយកចេញពីអ្នកបានឡើយ។ កូនសោរមួយនេះនឹងធ្វើអោយអ្នករកឃើយពីភាពអស្ចារ្យដែលមាននៅក្នុងខ្លួនអ្នកផ្ទាល់។ ជីវិតអ្នកមិនមែនត្រូវជួបរឿងពិបាកចិត្តរហូតទេ អ្នកនឹងត្រូវជួបរឿងសប្បាយៗជាច្រើនដែលអ្នកមិនដែលធ្លាប់រំពឹងទុក។ ដូចគ្នាដែរ ពេលអ្នកសប្បាយចិត្តក៏គ្មាននរណាម្នាក់អាចមកសប្បាយចិត្តជំនួសអ្នកដែរ គេបានត្រឹមឃើញអ្នកសើចសប្បាយ តែគេមិនបានយល់ពីអារម្មណ៍របស់អ្នកទេ។

កូនសោរជីវិតគឺស្ថិតនៅលើដៃរបស់អ្នក។ អ្នកអាចដឹងបានទេថាពេលណាអ្នកត្រូវសប្បាយចិត្តហើយពេលណាអ្នកត្រូវពិបាកចិត្តតែអ្នកអាចកំណត់វិថីជីវិតផ្ទាល់ខ្លួនបាន។ អ្នកអាចកំណត់ខ្សែរជីវិតរបស់អ្នកបាន ព្រោះអ្នកមានកូនសោរផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចនឹងលំបាកតែអ្នកអាចជួយខ្លួនអ្នកអោយរួចផុតពីទុក្ខបាន ត្រូវចាំថាយើងម្នាក់មានកូនសោររៀងៗខ្លួន យើងមិនអាចអោយគេមកដោះស្រាយបញ្ហាជីវិតយើងបាន ហើយយើងក៏មិនអាចដោះស្រាយបញ្ហាជីវិតរបស់គេបានដូចគ្នា។ រៀនធ្វើជាម្ចាស់ការលើជីវិតរបស់អ្នក អ្នកនឹងស្គាល់ពីខ្លួនឯងកាន់តែច្បាស់។ កាលបើអ្នករំពឹងថាអ្នកដ៏ទៃអាចយល់ពីអ្នក ជួយអ្នកបានគ្រប់ពេល វាមិនខុសពីការរំពឹងថាជីវិតអ្នកនឹងមិនជួបឧបសគ្គយ៉ាងដូចច្នេះដែរ។

ប្រភព: ក្លឹបអ្នកអានគ្មានព្រំដែន

ដោយ : ឈឿន សុជាតិ