ជីវិតនេះ

#

ជីវិតនេះ

ជីវិតនេះប្រៀបដូចជាការសម្ដែងល្ខោន មានរឿងសុខ ទុក្ខ ជួបនិរាសព្រាត់ប្រាស ខកចិត្តខកបំណង ល្វីងជូរចត់ ប្រៃផ្អែម ត្រូវបានគេក្បត់ ក្បត់គេ ត្រូវបានគេសរសើរ និងត្រូវបានគេនិន្ទាជាដើម។ មនុស្សយើងម្នាក់ៗតែងតែមានបញ្ហាក្នុងជីវិត អ្នកខ្លះជួបតិច អ្នកខ្លះជួបច្រើន មិនថាកូនអ្នកមានកូនអ្នកក្រកូនសេដ្ឋី កូនមន្ត្រី គឺតែងតែជួបបញ្ហា ហើយវាអាស្រ័យទៅលើស្ថានភាពគ្រួសារ ទីកន្លែង កាលទេសណាមួយ ឬក៏ពេលវេលាណាមួយ។ ជីវិតនេះមិនស្រួលដូចអ្វីដែលយើងប្រាថ្នានោះទេ។ មនុស្សដែលយើងស្រឡាញ់ គេបែរជាស្អប់យើង មនុស្សដែលយើងស្រឡាញ់យើងចង់រស់នៅជាមួយ គេបែរជាចាកចេញពីយើង គេបែរជាទៅស្រឡាញ់អ្នកផ្សេង។ មនុស្សដែលយើងមិនចង់ជួបមិនស្រឡាញ់យើងស្អប់ គេបែរនៅក្បែរយើង យើងបែរនៅជាមួយមនុស្សបែបហ្នឹង។ យើងចង់ឲ្យគេយល់ចិត្តយើង គេបែរជាមិនយល់ចិត្តយើង យើងព្យាយាមធ្វើអំពើល្អ គេបែរជាថាស្ដីឲ្យយើង គេមិនពេញចិត្តចំពោះយើងជាដើម។

នៅពេលដែលអ្វីៗមិនដូចជាអ្វីដែលយើងប្រាថ្នាមិនដូចបំណង យើងចាប់ផ្ដើមខកចិត្ត ខូចចិត្ត ចាប់ផ្ដើមឈឺ​ចាប់។ សេចក្ដីទុក្ខនេះគឺកើតចេញពីការមិនសមដូចបំណងរបស់យើង។ យើងធ្វើការងារច្រើន ខំរៀនច្រើន បែរជាពេលខ្លះវាបានលទ្ធផលតិច ប្រឡងបានពិន្ទុទាប។ជីវិតនេះគឺជាបញ្ហា។ថាតើនៅពេលដែលអ្នកជួបបញ្ហាតើអ្នកត្រូវដោះស្រាយយ៉ាងដូចម្ដេច? ហើយអ្នកត្រូវប្រឈមមុខតតាំងយ៉ាងដូចម្ដេច?

យើងមានលក្ខណៈរបស់មនុស្សបីប្រភេទផ្សេងៗគ្នា។ តើប្រភេទមនុស្សទាំងបីនោះ តើអ្នកជាប្រភេទមនុស្សទីប៉ុន្មាន?

១-មនុស្សទី១ គឺ ការ៉ុត ​​​

លក្ខណៈរបស់ការ៉ុតគឺពណ៌លឿង និងមានភាពរឹងមាំល្អនៅពេលដែលមិនទាន់ត្រូវទឹកក្ដៅដែលពុះ។ ដោយឡែកទឹកក្ដៅប្រៀបដូចជាបញ្ហានិងឧបសគ្គផ្សេងៗក្នុងជីវិត។ យ៉ាងណាមិញចំពោះមនុស្សការ៉ុតវិញ ដំបូលគឺមានភាពរឹងមាំល្អ អំនួត និងក្លាហានជាដើម។ ដល់ពេលមនុស្សជំពូកការ៉ុតនោះបានជួបបញ្ហាតិចតួច ឬក៏ច្រើន ក៏ចាប់ផ្ដើមរាថយ ធុញទ្រាន់ បាត់បង់ក្ដីសង្ឃឹម ចាប់ផ្ដើមចុះចាញ់ ចាប់ផ្ដើមបោះបង់ចោលនូវកិច្ចការងាររបស់ខ្លួន។

២-មនុស្សទី២ គឺ ស៊ុត

លក្ខណៈរបស់ស៊ុត ដំបូងវាទន់នៅពេលដែលយើងមិនទាន់យកវាទៅស្ងោរក្នុងទឹកក្ដៅនៅឡើយ។ បើគេប្រៀបធៀបមកមនុស្សវិញ នោះគឺជាមនុស្សល្អ ពោរពេញទៅដោយក្ដីស្រឡាញ់ មានចិត្តមេត្ដាករុណា ចេះជួយអ្នកដទៃ និងទន់ភ្លន់ជាដើម។ ដល់ពេលជួបបញ្ហាផ្សេងៗក្នុងជីវិត ដល់ពេលគេឲ្យលាភសក្ការៈ យសស័ក្ដិផ្សេងៗ ឬក៏ត្រូវគេបញ្ចូលមនោគមវិជ្ជាផ្សេងៗ ក៏ចាប់ផ្ដើមប្ដូររូបរាងអត្ដចរិត

 ទៅជាកោងកាច សាហាវ ឃោរឃៅ ក្រអឺតក្រទម ក្បត់មិត្តភក្កិ បងប្អូន និងថែមទាំងក្បត់ឧត្តមគតិខ្លួនឯង ឈប់ស្រឡាញ់ខ្លួនឯង ដើម្បីតែលុយនិងប្រយោជន៍ផ្ទាល់ខ្លួន។

៣-មនុស្សទី៣ គឺ គ្រាប់កាហ្វេ

លក្ខណៈរបស់គ្រាប់កាហ្វេគឺមានរសជាតិឈ្ងុយល្អ។ បើយើងប្រៀបធៀបមកមនុស្សវិញនោះ គាត់ជាមនុស្សល្អ បរិសុទ្ធ ល្អទាំងកាយវាចានិងចិត្ត។ គាត់ជាមនុស្សដែលមានពោរពេញទៅដោយក្ដីស្រឡាញ់ពិត ចែករំលែក ចេះជួយអ្នកដទៃ យោគយល់អធ្យាស្រ័យ ខន្ដី ចិត្តទូលាយ ស្មោះត្រង់ មានវិន័យក្នុងខ្លួន មានទំនួលខុសត្រូវខ្ពស់ និងជាមនុស្សមានគុណធម៌ខ្ពស់ជាដើម។ នៅពេលដែលគ្រាប់កាហ្វេត្រូវទឹកក្ដៅ វាអត់ផ្លាស់ប្ដូរនូវរសជាតិរបស់កាហ្វេរបស់វានោះទេ វារឹតកាន់តែឈ្ងុយឆ្ងាញ់លើសដើម។ យ៉ាងណាមិញ នៅពេលដែលមនុស្សប្រភេទកាហ្វេនេះ បានជួបបញ្ហាផ្សេងៗ ក៏គាត់មិនរាថយ មិនចុះចាញ់ និងមិនបោះបង់ដែរ។ គាត់ថែមទាំងរកគ្រប់មធ្យោបាយ ដើម្បីកែឆ្នៃស្ថានការណ៍អាក្រក់ទាំងឡាយឲ្យទៅជាលាភ និងឳកាស។ ជាងនេះទៅទៀត គាត់បានរៀនសូត្រពីបទពិសោធន៍នៃជីវិតនិងពេញចិត្តនូវអ្វីដែលជាខ្លួនរបស់គាត់មាន។ អ្វីដែលសំខាន់នោះ គឺគាត់រឹតតែបន្ដធ្វើសេចក្ដីល្អជារៀងរហូត និងប្រកាន់នូវសច្ចភាព ភក្ដីភាព ខន្ដី អត់ធ្មត់ សុចរិតភាព តម្លាភាព និងគុណធម៌ជានិច្ចរហូតដល់អវសាននៃជីពជន្ម។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង