ដៃគូជីវិតពិត ឬក៏ដៃគួជីវិតក្លែងក្លាយ?

#

តើចំណុចអ្វីខ្លះដែលបញ្ជាក់ថាយើងជាដៃគូជីវិតពិតនិងគ្នា?


សេចក្តីស្រឡាញ់កើតចេញពីចិត្តហើយសេចក្តីស្រឡាញ់គឺជាតម្រូវការផ្នែកអារម្មណ៍របស់មនុស្សគ្រប់រូបវាជាភាសាស្នេហ៍របស់បេះដូង ដែលមនុស្សលោកកើតមកត្រូវតែចេះស្រឡាញ់គ្រប់ៗគ្នា។ តើចំណុចអ្វីខ្លះដែលអ្នកស្រឡាញ់ដៃគូជីវិតរបស់អ្នក? រូបសម្បត្តិសម្រស់ស្អាត ទឹកចិត្ត អត្តចរិត ទ្រព្យសម្បត្តិ អំណាចបុណ្យស័ក្ក លុយឡានវីឡា… របស់ដៃគូអ្នក?តើអ្វីដែលពិបាករកជាងគេ?អ្វីដែលពិកបាករកនោះគឺដៃគូជីវិតឬក៏មិត្ត១០០ឆ្នាំដ៏ល្អម្នាក់ដែលគាត់ឬនាងជាមនុស្សដែលប្រកបដោយ ភាពថ្លៃថ្នូរ អត្តចរិតល្អ ភាពស្មោះត្រង់ និងសមត្ថភាពខ្ពស់។
រូបសម្បត្តិខាងក្រៅរបស់អ្នក របស់ដៃគូជីវិតរបស់អ្នក ដែលអ្នកមើលឃើញថាវាស្រស់ស្អាតស្រស់សោភានៅថ្ងៃនេះ វាគ្រាន់តែជាចំណីរបស់ចក្ចុរបស់អ្នកតែប៉ុណ្ណោះវាប្រាកដណាស់នឹងបាត់បង់ទៅវិញនៅថ្ងៃស្អេកឬថ្ងៃខាងមុខជាក់ជាមិនខាន។ ចំនែកឯ បុណ្យស័ក្ក អំណាច លុយ ឡាន វីឡា ទ្រព្យសម្បត្តិទាំងឡាយ អ្នកអាចសាងបាន អ្នកអាចរក នៅថ្ងៃនេះបាន ឬថ្ងៃស្អែកបានក៏ប៉ុន្តែវាក៏ត្រូវតែបាត់បង់វិនាសទៅវិញនៅថ្ងៃណាមួយដោយជៀសមិនរួចដែរពីព្រោះរបស់ទាំងនោះជារបស់ក្រៅខ្លួន វាជាច្បាប់ធម្មជាតិ។ ប្រសិនបើអ្នកស្រឡាញ់ដៃគូជីវិតរបស់អ្នកឋិតនៅលើតែរូបសម្បត្តិជាសំខាន់ ចុះថ្ងៃក្រោយនៅពេលដែលដៃគូជីវិតអ្នកបាត់បង់សម្រស់ដ៏ស្រស់សោភានោះទៅតើអ្នកនៅតែស្រឡាញ់ដៃគូជីវិតរបស់អ្នកទៀតទេ?
ដោយឡែក ប្រសិនបើអ្នកស្រឡាញ់ដៃគូជីវិតរបស់អ្នកឋិតនៅលើ លុយ ឡាន វីឡា អំណាច បុណ្យស័ក្កិ… ចុះពេលក្រោយមក ដៃគូជីវិតរបស់អ្នកបាត់បង់របស់ទាំងនេះអស់ទៅ តើអ្នកនៅតែស្រឡាញ់ដៃគូជីវិតអ្នកទៀតទេ? ចូរចង់ចាំថា ជម្រៅទឹកមហាសមុទ្រគេអាចវាស់បាន តែជម្រៅចិត្ត នាងកល្យាណ បងកល្យាណ គ្មានជនណាម្នាក់អាចវាស់បានឡើយ។ ដូច្នោះមុននឹងធ្វើការសម្រេចចិត្តជ្រើសរើសយកនរណាម្នាក់មកធ្វើជាដៃគូជីវិតឬក៏មិត្ត១០០ឆ្នាំនាថ្ងៃអនាគត់អ្នកត្រូវសិក្សាពីផ្នត់គំនិត ទឹកចិត្ត អត្តចរិត ចំណង់ចំណូលចិត្ត ឆន្ទៈ មហិច្ឆតា តម្រូវការរបស់ដៃគូជីវិតអ្នកឲ្យបានច្បាស់លាស់ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបានជាមុនសិនដើម្បីជៀសវាងនូវការសម្រេចិត្តខុសដែលវាបណ្តាលឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយនៅពេលដែលយើងបានសម្រេចចិត្តដើរលើវិថីរួមជាមួយគ្នាទៅហើយនោះ។ នៅពេលដែលអង្ករបានក្លាយជាបាយហើយនោះ ចង់ឬមិនចង់អ្នកត្រូវតែបង្ខំចិត្តហូប។ តើអ្នកហូបបាយឆ្ងាញ់ទេ នូវពេលដែលអ្នកត្រូវបានគេបង្ខំចិត្តឲ្យហូប? វាពិតជាពិបាកក្នុងរួមរស់នៅជាមនុស្សដែលមានគំនិត ឆន្ទៈ ចំណង់ចំណូលចិត្ត អត្តចរិត និងការប្រព័ន្ធនៃការគិតខុសគ្នា ឬក៏ផ្ទុយគ្នា។
តើចំណុចអ្វីខ្លះដែលអាចប្រាប់ថាអ្នកជាដៃគូជីវិតដ៏ល្អម្នាក់?  ដៃគូជីវិតដ៏ល្អម្នាក់នោះគឺជាអ្នកដែលធ្វើឲ្យអ្នកមានសេចក្តីសុខបំផុតក្នុងជីវិត ជាមនុស្សដែលនៅកំដរអ្នក លើកទឹកចិត្តអ្នក ផ្តល់កម្លាំងចិត្តដល់អ្នក មិនថាមានបញ្ហាអ្វីក៏ដោយ ហើយមិនបោះបង់អ្នកចោលឡើយ។ទៀតសោត គឺជាអ្នកដែលរួមទាំងសុខនិងរួមទាំងទុក្ខជាមួយគ្នាហើយគាត់ឬនាងជាអ្នកទីប្រឹក្សាដ៏ល្អម្នាក់។ជាពិសេសនោះគឺយើងបានរៀនស្វែងយល់ចិត្តគ្នាទៅវិញទៅមក យើងបានពិភាក្សាបញ្ហាផ្សេងៗបានច្រើនជាមួយគ្នា យើងបានផ្តោះផ្តងយោបល់គ្នាយើងបានបំពេញចន្លោះខ្វះខាត់ដល់គ្នាទៅវិញទៅមកយើងទទួលយកនូវអ្វីៗដែលយើងមានរៀងៗខ្លួនយើងគោរពឲ្យតម្លៃគ្នាយើងបានសិក្សារៀបចំផែនការគ្រួសារនាពេលអនាគតជាមួយគ្នាយើងបានសិក្សាពីគម្រោងអាជីវកម្មផ្សេងៗជាមួយគ្នាយើងលើកទឹកចិត្តគ្នាយើងចេះស្រឡាញ់គ្នាយើងស្មោះត្រង់និងគ្នាយើងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក យើងបំពេញតម្រូវការឲ្យគ្នា យើងបើកចិត្ត បើកបេះយ៉ាងទូលាយក្នុងការទទួលយកចំណុចខ្វះខាត់របស់ដៃគូ ហើយយើងរីករាយក្នុងការកែប្រែកំហុសឆ្គងរបស់យើងរៀងៗខ្លួន។ល។
តើសេចក្ដីស្រឡាញ់មានប៉ុន្មានប្រភេទ?
សេចក្ដីស្រឡាញ់មានបួនប្រភេទដែលទី១ គឺស្រឡាញ់ខ្លួនឯង។ ត្រង់ចំណុចនេះ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា សេចក្ដីស្រឡាញ់អ្វីមិនស្មើនិងស្រឡាញ់ខ្លួនមិនមាន។ ដូចនេះ ទើបយើងឃើញ មនុស្សមួយចំនួនខំហួងហែងអ្នកដទៃ ជិះជាន់គេ និងហ៊ានធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភេទទី២ គឺ ស្រឡាញ់គេដើម្បីតែខ្លួនឯង។ ត្រង់ចំណុចនេះមនុស្សភាគច្រើនគឺចង់ឲ្យគេធ្វើអ្វីៗដើម្បីផ្គាប់ផ្គុនចិត្តឬការចង់បានរបស់ខ្លួននិងព្យាយាមដាក់លក្ខខណ្ឌផ្សេងៗ ដើម្បីបំពេញចំណង់របស់ខ្លួនគេតែប៉ុណ្ណោះ។ សេចក្ដីស្រឡាញ់នេះគឺជាសេចក្ដីស្រឡាញ់បែបលក្ខខណ្ឌ( Conditional Love)ហើយនៅពេលដែលយើងព្យាយាមដាក់លក្ខខណ្ឌផ្សេងៗទៅកាន់ដៃគួសង្សារឬដៃគួជីវិតនោះវាក្លាយជាសេចក្ដីស្រឡាញ់

បែបអាត្មានិយម(Selfish Love)។ ស្នេហាប្រភេទនេះមិនមែនជាសេចក្ដីស្រឡាញ់ពិតទេ។ ប្រភេទទី៣ គឺជាស្រឡាញ់គេដើម្បីគេ។ ត្រង់ចំណុចនេះគឺយើងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីតែមនុស្សដែលយើងស្រឡាញ់ប៉ុណ្ណោះ ពេលខ្លះយើងមិនខ្វល់ខ្វាយពីខ្លួនឯងទល់តែសោះ។អ្វីដែលសំខាន់គឺអ្នកហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីតែមនុស្សដែលយើងស្រឡាញ់។សេចក្ដីស្រឡាញ់នេះគឺជាសេចក្ដីស្រឡាញ់បែបជ្រុលនិយម ។ ប្រភេទទី៤ គឺជាសេចក្ដីស្រឡាញ់គ្មានលក្ខខណ្ឌ (Unconditional Love) ហើយសេចក្ដីស្រឡាញ់នេះគឺយើងស្រឡាញ់នូវអ្វីៗដែលដៃគួជីវិត ឬដៃគូសង្សាររបស់យើងមាន មានន័យថា យើងស្រឡាញ់នូវអ្វីដែលជា អត្ដចរិត ចំណង់ចំណូលចិត្ត បុគ្គលិកលក្ខណៈ ឆន្ទៈ ទស្សនវិស័យ បែបផែននៃការរស់នៅ...របស់ដៃគូរបស់យើង។ ត្រង់ចំណុចនេះ យើងម្នាក់ៗបានដឹងពីបុគ្គលិកលក្ខណៈ(ទាំងវិជ្ជមាន និងអវិជ្ជមាន)របស់ដៃគួជីវិតរបស់យើងច្បាស់ហើយយើងនឹងព្រមទទួលយកនូវអ្វីៗទាំងអស់នោះដោយមិនព្យាយាមកែប្រែគាត់ឬនាងនោះទេ។ ចំពោះចំណុចទី៤នេះដែរ អ្វីដែលល្អវិសេសវិសាលនោះ គឺយើងគួរតែព្យាយាមស្រឡាញ់ ឬក៏ព្រមទទួលយក គាត់ឬនាងដែលជាមនុស្សដែលមានចំណុចរួមគ្នាច្រើន ឬក៏ដូចអ្នកឲ្យបានច្រើន( To have something in common or to have the same agreements) ជៀងវាងដែលយើងព្រមទទួលយកគ្នាជាប្ដីប្រពន្ធហើយ នៅពេលយើងមានចំណុចខុសគ្នា ឬទស្សនខុសគ្នា ឬផ្ទុយគ្នានោះ វាជារឿងដែលពិបាកក្នុងការរួមរស់នៅជាមួយគ្នា ទោះបីជាយើងបានព្រមទទួលយកហើយក៏ដោយ។
នៅពេលដែលយើងចេះជ្រើសរើសប្រភេទផ្កានិងដីដែលត្រូវដាំផ្កាហើយនោះអ្នកគប្បីត្រូវចេះស្រោចទឹកដាច់ជីបន្ថែមទៀតពីព្រោះវាជារបោយស្នេហ៍របស់លោកអ្នកនោះផ្កាផ្លែរបស់វានោះគឺជាសុភមង្គលជីវិត។ ការដែលដែលយើងចេះស្រោចទឹកដាក់ជីបានដល់ការនិយាយឬពោលពាក្យល្អៗពិរោះការយកចិត្តទុកដាក់ការផ្តល់កម្លាំងចិត្ត អធ្យាស្រ័យ និងអភ័យទានគឺជាទានដ៏ប្រសើរ ទើបបានសុភមង្គលជីវិតពិត។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង