ដំណើរជីវិត

#

   ឆាកជីវិតយើងម្នាក់ៗប្រៀបដូចជាការជិះទូកឆ្លងកាត់មហាសមុទ្រដ៏ធំធេញ​ មិនដឹងថានឹងអាចទៅដល់ត្រើយម្ខាងទៀតឬក៏អត់ ហើយក៏មិនដឹងថា​​ត្រើយដែលទៅដល់ជាកោះនៃឋានសួគ៌ ឬ ជាកោះបីសាច​ ដែលវាប្រៀបដូចជាជោគវាសនានាពេលអនាគត។ វានឹងទៅជាបែបណាគឺវាអាស្រ័យលើយើងជាអ្នកកាន់ចង្កូត តើគួធ្វើបែបណាទើបអាចឆ្លងសមុទ្រនៃជីវិតនេះបាន? ព្រោះថាការធ្វើដំណើរឆ្លងសមុទ្រច្បាស់ជានឹងជួប ជាមួយសត្វសាហាវ ប្រៀបដូចជាបញ្ហាក្នុងការងារ ការច្រណែនឈ្នានីស ការគេងប្រវ័ញ ការជិះជាន់។ល។ យើងក៏នឹងអាចជួបខ្យល់ព្យុះបោកបក ឬ ក៏រលកយក្សធំៗ ​ ប្រៀបដូចជាបញ្ហា ក្នុងគ្រួសារទំនួលខុសត្រូវលើកិច្ចការរកលុយ ការអប់រំ ទំនាក់ទំនង ការបាត់បង់​ ការឈ្លោះប្រកែកគ្នា។ល។ ជីវិតនេះគឺពិតជាពិបាកឆ្លងកាត់ខ្លាំងណាស់ បើអ្នកមិនតស៊ូអ្នកនឹងស្លាប់។ តែបើអ្នកបានប្រឈមមុខនឹងវាហើយក៏គង់មានថ្ងៃមួយដែលអ្នកមានអារម្មណ៍ថានឿយហត់ខ្លាំង ស្ទើតែនឹងបោះបង់ព្រោះថាគ្មានឡើយដំណោះស្រាយពេលដែលជួបនឹងបញ្ហា។ ពិតណាស់ពេលខ្លះអ្នកគួរតែសម្រាកមួយភ្លេតហើយ សម្លឹងមើលទៅបញ្ហាជាថ្មីម្ដងទៀត ហើយស្វែងរកនូវដំណោះស្រាយថ្មី ហើយកម្ចាត់វាចោលម្ដងមួយៗ ជាមួយនេងក្ដីសង្ឃឹមដើម្បីបន្តដំណើរទៅរកត្រើយឋានសួគ៌នៃអនាគតដ៏ស្រស់បំព្រង និង សាងសុភមង្គលថ្មី៕

ប្រភព: ក្លឹបអ្នកអានគ្មានព្រំដែន

ដោយ: ប៉ោ វណ្ណះ