តើកត្តាអ្វីខ្លះដែលនាំឲ្យមានរោគផ្លូវចិត្ត?

#

តើកត្ដាអ្វីដែលនាំឲ្យមានរោគផ្លូវចិត្ត?

ព្រះពុទ្ធសម្ដែងថា រោគមានពីរប្រភេទ ទី១គឺរោគផ្លូវកាយ និងទី២គឺរោគផ្លូវចិត្ត។
ដំបូង យើងចាំបាច់ស្វែងយល់អំពីនិយមន័យនៃចិត្តសិន។ តើអ្វីទៅដែលហៅថា ចិត្ត?
ចិត្តជាធម្មជាតគ្មានរូបសណ្ឋានទ្រង់ទ្រាយអ្វីឡើយគឺជានាមធម៌ ចិត្តជាធម្មជាតចេះនឹកគិតទៅរកអារម្មណ៍ផ្សេងៗ ចិត្តចេះសោមនស្សរីករាយពេលដែលបានទទួលអារម្មណ៍ជាទីគាប់ចិត្ត និងចិត្តចេះទោមនស្សតូចចិត្តពេលដែលបានទទួលអារម្មណ៍មិនជាទីគាប់ចិត្ត។
មូលហេតុនៃទុក្ខផ្លូវចិត្តបណ្ដាលមកពីកត្តាអ្វីខ្លះ?
ព្រះពុទ្ធសំដែងថា មូលហេតុនៃទុក្ខផ្លូវចិត្តមាន៦យ៉ាង៖
១- សេចក្តីទុក្ខ សេចក្តីសោក ការភ័យខ្លាច កើតចេញពីសេចក្តីស្រឡាញ់។ យើងបានបាត់បង់មនុស្សដែលយើងស្រឡាញ់ នោះយើងក៏កើតទុក្ខ ជនណាមួយជាទីគោរពនិងជាទីស្រឡាញ់របស់ខ្លួនបានទទួលគ្រោះថ្នាក់មានវិបត្តិឬស្លាប់បាត់បង់ជីវិត ក៏សោកស្តាយមានចិត្តក្រៀមក្រំយំសោកស្តាយស្រណោះ។ បើជនដែលបាត់បង់ទៅនោះជាទីស្រឡាញ់ខ្លាំងចិត្តក៏កើតទុក្ខខ្លាំង បើស្រឡាញ់តិចកើតទុក្ខក៏តិចទៅតាមនោះ។
២- ការកើតទុក្ខផ្លូវចិត្តមួយបែបទៀត គឺសេចក្តីទុក្ខកើតពីសេចក្តីប្រាថ្នាមិនបានសម្រេចបំណង។ បើសេចក្តីប្រាថ្នានោះបានសម្រេចដូចបំណង ចិត្តក៏ត្រេកអររីរាយសប្បាយ បើមិនបានសម្រេចបំណងទេ ចិត្តក៏កើតទុក្ខ។ ដូចជាយើងប្រាថ្នាមនុស្សស្រី ឬមនុស្សប្រុសម្នាក់មកធ្វើជាគូអនាគត មិនសម្រេចដូចបំណងរបស់យើងក៏ខកចិត្ត ខូចចិត្ត និងឈឺចិត្តជាដើម។
៣- សេចក្តីទុក្ខកើតពីការជួបប្រទះវត្ថុនិងមនុស្សសត្វពុំជាទីស្រឡាញ់។ បើជួបប្រទះវត្ថុនិងជនណាដែលមិនជាទីស្រឡាញ់នោះចិត្តរមែងកើតទុក្ខដោយប្រាថ្នាឲ្យវត្ថុនិងជននោះឃ្លាតចេញទៅ។ តួយ៉ាង មនុស្សដែលយើងកាន់តែស្អប់ ក៏រឹតកាន់តែជួប វាធ្វើយើងឈឺចាប់។
៤- សេចក្តីទុក្ខកើតពីសង្គមជិះជាន់គ្នាពុំគោរពសិទ្ធិគ្នា បៀតបៀនគ្នាដោយមធ្យោបាយផ្សេងៗធ្វើឲ្យសង្គមមនុស្សឈឺចាប់ទាំងផ្លូវចិត្តទាំងផ្លូវកាយ។
៥- សេចក្តីទុក្ខមួយប្រភេទទៀត កើតចេញពីបុគ្គលខ្លួនឯង គឺកើតពីចិត្តប្រែប្រួលទៅតាមលោកធម៌ គឺធម៌សម្រាប់លោកធម៌ទាំង៨ គឺសុខ ទុក្ខ មានលាភ ឥតលាភ មានយស ឥតយស សសើរ និងនិទ្ទា។
៦- ទុក្ខគឺកើតចេញពីកំហុសខ្លួនឯង ដោយខ្លួនឯងប្រព្រឹត្តអំពើទុច្ចរិត ប្រព្រឹត្តអបាយមុខមានស្រីស្រាល្បែងជាដើម ក៏មានទោសតាមផ្លូវលោក និងផ្លូវធម៌។


ដកស្រង់ខ្លឹមសារសំខាន់ៗដោយ៖ សម្លេងអ្នកអាន​ - The Reader's Voice
ប្រភព៖​ សៀវភៅ ការព្យាបាលរោគផ្លូវចិត្តតាមវិធីពុទ្ធសាសនា ដែលរៀបរៀងដោយ៖ ព្រះតេជព្រះគុណ ហុក សាវណ្ណ