ទស្សនវិជ្ជានៃសេចក្ដីស្រឡាញ់ពិត

#

ទស្សនវិជ្ជានៃសេចក្ដីស្រឡាញ់ពិត


តើអ្វីទៅដែលហៅថាសេចក្ដីស្រឡាញ់ពិត?
ក្នុងអត្ថន័យនៃសេចក្ដីស្រឡាញ់ពិតនេះ គឺវាជាសត្យានុម័តមួយដែលរូបខ្ញុំផ្ទាល់ បានពាល់ត្រូវនូវអាម្មណ៍មួយនេះ វាមិនមែនជាលក្ខណៈទ្រឹស្ដីនិយមទេ។ សេចក្ដីស្រឡាញ់ គឺការចូលចិត្ត ពេញចិត្ត ជាប់ចិត្ត ប្រតិព័ន្ធចំពោះអ្វីមួយ ឬនរណាម្នាក់។ សេចក្ដីស្រឡាញ់នេះ គឺជាតម្រូវការផ្នែកអារម្មណ៍របស់មនុស្សគ្រប់រូប វាជាភាសារបស់បេះដូង ហើយវាក៏វាអាហាររបស់បេះដូងរបស់ មនុស្សគ្រប់រូបផងដែរ ពីព្រោះវាជាសច្ចភាពមួយ ដោយហេតុផលថា វាមិនចាំបាច់ត្រូវបានគេ ឬគ្រូអាចារ្យណាបង្រៀនឲ្យចេះស្រឡាញ់នោះទេ គឺវាមានក្នុងចិត្តរបស់មនុស្សគ្រប់ៗគ្នា។ 
សេចក្ដីស្រឡាញ់ពិត គឺជាសេចក្ដីស្រឡាញ់ដែលគ្មានភ្ជាប់នូវល័ក្ខខ័ណ្ឌអ្វីទាំងអស់។ សេចក្ដីស្រឡាញ់គ្មានល័ក្ខខ័ណ្ឌ គឺជាការ យកចិត្តទុកដាក់ ព្រួយបារម្ភពីសេចក្ដីសុខទុក្ខ ឬសុភមង្គលរបស់អ្នកដទៃ របស់មនុស្សដែលយើងស្រឡាញ់ ហើយវាក៏ជាសេចក្ដីស្រឡាញ់ ដែលគ្មានភ្ជាប់នូវការបង្គាប់ញ្ជា ក្រឹតក្រម តម្រូវការផ្សេងៗ និងគ្មានការរំពឹងតបស្នងជាដើម។ គេនិយាយ ថា សេចក្ដីស្រឡាញ់គ្មានល័ក្ខខ័ណ្ឌគឺ ខ្ញុំស្រឡាញ់អ្នកនូវអ្វីដែលជាខ្លួនរបស់អ្នក ដែលខ្លួនរបស់អ្នកមាន មិនថាអ្នកត្រូវបានផ្ដាស់ប្ដូរ ឬប្រែប្រួល ដោយប្រការណាមួយ ឬយ៉ាងណានោះទេ គឺខ្ញុំនៅតែព្យាយាម មិនបោះបង់សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះអ្នក។ ខ្ញុំស្រឡាញ់នូវអ្វីដែលជាខ្លួនរបស់អ្នកមានគឺន័យថា ខ្ញុំស្រឡាញ់នូវអត្តចរិតពិតរបស់អ្នក ខ្ញុំស្រឡាញ់នូវចំណង់ចំណូលចិត្តរបស់អ្នក ខ្ញុំស្រឡាញ់នូវផ្នត់គំនិតរបស់អ្នក ខ្ញុំស្រឡាញ់ ពេញចិត្តនឹងឆន្ទៈរបស់អ្នកជាដើម។ ហេតុអ្វី? ដោយហេតុផលថា ខ្ញុំមិនចាំបាច់ ព្យាយាមកែប្រែនូវអ្វីដែលជាខ្លួនរបស់អ្នកមាននោះទេ គឺខ្ញុំព្រមទទួលយកទាំងអស់ ដោយព្រមទទួលយកទាំងចំនុចល្អ ឬវិជ្ជមាន និងចំនុចមិនល្អ ឬអវិជ្ជមានរបស់អ្នក។
សេចក្ដីស្រឡាញ់ពិតគឺជាការលះបង់។ នៅពេលដែលអ្នកបានពាល់នូវអារម្មណ៍មួយនេះ គឺវាតម្រូវឲ្យអ្នកធ្វើការលះបង់ដោយស្វ័យប្រវត្ដិ។ តើយើងលះបង់លើចំណុចអ្វីខ្លះ? យើងហ៊ាន លះបង់នូវ កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតី លះបង់ញើសឈាមរបស់យើង លះបង់ភាពអាត្មានិយមក្នុងខ្លួន លះបង់ពេលវេលា លះបង់នូវសេចក្ដីសុខផ្ទាល់ខ្លួន និងរួមទាំងលះបង់នូវថវិកាផ្ទាល់ខ្លួនផងដែរ ចំពោះមនុស្សដែលយើងស្រឡាញ់ ចំពោះមិត្តភក្កិបងប្អូន ចំពោះក្រុមគ្រួសារ (ឪពុកម្តាយ យាយតា មីងមា) ចំពោះក្រុមរបស់យើង ចំពោះស្ថាប័នរបស់យើង ចំពោះសហគមន៍ដែលយើងរស់នៅ និងចំពោះប្រទេសជាតិរបស់យើងជាដើម។ បើយើងពិចារណាបន្ដិច ចំពោះការលះបង់នេះ គឺយើងប្រៀបដូចជាអាត្មានិយមបន្ដិចគឺបានដល់អាត្មានិយមចំពោះខ្លួនឯង។ បើខ្ញុំមើលមួយជ្រុងទៀត ការលះបង់នេះ គឺមានន័យថា យើងគឺប្រៀបដូចជាគ្មានគុណធម៌នៃការ ចេះប្រមាណចំពោះខ្លួនឯង។ 
សេចក្ដីស្រឡាញ់ពិត គឺជាការឲ្យដោយសេចក្ដីស្រឡាញ់ ឲ្យដោយសេចក្ដីពេញចិត្ត ហើយយើងឲ្យដោយមិនរំពឹងផលត្រឡប់តបស្នងមកវិញនោះទេ។ ម្យ៉ាងទៀតសេចក្តីស្រឡាញ់ពិត គឺយើងមិនចង់បានអ្វីពីមនុស្សដែលជាទីស្រឡាញ់របស់យើង ហើយសំខាន់បំផុតនោះគឺ នៅពេលដែលយើងឃើញមនុស្សដែលយើងស្រឡាញ់គាត់ ឬនាងមានសេចក្តីសុខ មានសុភមង្គល ទទួលបានសម្រេចជោគជ័យជាដើម គឺយើងពិតជាមានសេចក្ដីសុខដូចគ្នា។ ទៀតសោតនោះគឺមិនថាគាត់ ឬនាងបានរួមរស់នៅជាមួយអ្នកដទៃក៏ដោយចុះ ក៏យើងត្រេកអរយើងមានសេចក្ដីបីតិសោមនស្សរីករាយដែរ។

ដោយសម្លេងអ្នកអាន

ប្រភពសៀវភៅមាគ៌ាជីវិត និងស្នេហា

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន