នារីម្នាក់នោះ

#

"នារីម្នាក់នោះ"

​​      មនុស្សស្រីធម្មតាម្នាក់ មានកម្លាំងខ្សោយ មិនមានទេពកោសល្យអស្ចារ្យពីកំណើតបានចូលមកក្នុងជិវិតខ្ញុំ បានធ្វើអោយជីវិតដែលធ្លាប់តែអាប់អួរប្រែជាស្រស់ថ្លាមានពន្លឺ។ មនុស្សស្រីម្នាក់នេះមិនដែលគិតប្រកាន់ថាពីមុនខ្ញុំជាមនុស្សអាក្រក់បែបណា ហើយក៏មិនដែលរំលឹកពីរឿងដែលកន្លងផុតទៅហើយ។ នារីម្នាក់នេះព្រមទទួលស្គាល់ថាខ្ញុំមិនមែនជាមនុស្សល្អគ្រប់ដប់ហើយនាងក៏មិនដែលប្រាថ្នាចង់បានអ្វីដែលខ្ញុំមិនមាននោះទេ។ នាងដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្ញុំយ៉ាងច្បាស់ ហើយនាងតែងតែនៅក្បែរខ្លួនខ្ញុំដើម្បីជួយបំពេញសេចក្ដីខ្វះខាតរបស់ខ្ញុំ។ មនុស្សស្រីម្នាក់នេះបានបំពេញតួនាទីជាច្រើនសម្រាប់ខ្ញុំ។ នាងជាអនាគតដ៏ល្អម្នាក់របស់ខ្ញុំ ព្រោះនាងបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ នាងចេះរៀបចំខ្លួនបានស្អាតបាត  នាងចេះមើលថែកូនចៅនិងទុកដាក់ទ្រព្យសម្បត្តិបានល្អ នាងចេះការងារដាំស្ល ដេរប៉ាក់ នាងមានលក្ខណសម្បត្តិល្អច្រើនសមនឹងទទួលនាមថានារីខ្មែរ។ នាងប្រៀបបានជាម្ដាយរបស់ខ្ញុំព្រោះនាងតែងតែបារម្ភនិងយកចិត្តដាក់លើរូបខ្ញុំ​។​ នាងតែងតែជួយតម្រង់ផ្លូវខ្ញុំពេលខ្ញុំវង្វេងផ្លូវ។​។ ​នាងជាមិត្តភក្តិស្និតស្នាលម្នាក់ ព្រោះតែងតែយល់ពីខ្ញុំនិងនៅជាមួយខ្ញុំគ្រប់ស្ថានភាព។ លើសពីនេះនាងជាដៃគូដ៏ល្អរបស់ខ្ញុំ នាងតែងតែជាទីប្រឹក្សាដ៏ល្អគ្រប់ពេលវេលា។​ បើនិយាយពីរូបសម្បត្តិវិញនាងមិនមែនជាមនុស្សស្រីដែលមានរូបកាយល្អឆើតនោះទេ តែនាងចេញរៀបចំខ្លួនបានសមរម្យបានត្រឹមត្រូវតាមពេលវេលានិងទីកន្លែង។​ នាងមានចំណេះនិងទំលំទូលាយហើយនាងតែងតែចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់នាងអោយទៅមនុស្សដែលនៅជុំវិញខ្លួននាង។

      នេះអាចថាជាសំណាងរបស់ខ្ញុំមួយដែលខ្ញុំបានជួបនឹងមនុស្សដែលល្អនឹងខ្ញុំ។ ខ្ញុំមិនអាចធ្វើអោយនាងអស់សង្ឃឹមលើរូបខ្ញុំរឹតតែមិនអាចអាចធ្វើអោយនាងមានអារម្មណ៍ថាស្ដាយក្រោយដែលបានរើសយករូបខ្ញុំ ផ្ទុយទៅវិញខ្ញុំកាន់តែខិតខំបង្កើនសមត្ថភាពរបស់ខ្លួនអោយកាន់តែពូកែ។

      ថ្ងៃមួយប្រសិនបើអ្នកបានជួបមនុស្សល្អបែបនេះ អ្នកគួរតែអរគុណខ្លួនឯងដែលយើងជាមនុស្សល្អទើបយើងបានជួបមនុស្សល្អដូចគ្នា។ អ្នកត្រូវតែថែរក្សាមនុស្សម្នាក់នោះអោយដូចទៅនឹងអ្នកម្ដាយរបស់អ្នកមើលថែអ្នក។ មិនមែនជារឿងចៃដន្យនោះទេដែលអ្នកបានជួបមនុស្សល្អៗបែបនេះ។

ប្រភព : ក្លឹបអ្នកអានគ្មានព្រំដែន

ដោយ : ឈឿន សុជាតិ