នាវាជីវិត

#

នាវាជីវិត


ដំណើរជីវិតរបស់មនុស្សម្នាក់ៗ គឺប្រៀបបានទៅនឹងការជិះទូក ឬជិះនាវាផ្សងព្រេងនៅកណ្ដាលមហាសារគដ៏ធំល្វឹងល្វើយ។ វាជាដំណើរផ្សងព្រេងរកនិយមន័យនៃជីវិតពិតឲ្យជីវិតរបស់អាត្មារៀងៗខ្លួន។ ការដែលយើងមានជីវិតបន្ដមកដល់ថ្ងៃនេះ ចាត់ទុកថាវាជាភ័ព្វសំណាងណាស់ទៅហើយ។ យើងតែម្នាក់គត់ គឺជាម្ចាស់នាវា ជាអ្នកដឹកនាំនាវាជីវិត ហើយក៏ជាអ្នកកាច់ក្កោងកាច់ចង្កូតនាវាជីវិតរបស់អ្នកផ្ទាល់ទៅទីតាំងណាមួយដែលអ្នកចង់ទៅ។ តើអ្នកចង់កំណត់ទិសដៅនាវាជីវិតរបស់អ្នកទៅទិសណា? ដំបូងបង្អស់ អ្នកត្រូវតែរកទិសដៅនាវាជីវិតអ្នកឲ្យឃើញ បើពុំនោះទេ អ្នកនឹងវង្វេងនឹងវាលវដ្ដសង្សានៃមហាសារគដែលគ្មានកោះគ្មានត្រើយដល់ថ្ងៃអវសាននៃជីវិត។ បើអ្នកនៅតែមិនទាន់អាចស្វែងរកគោលដៅជីវិតអ្នកឃើញទេ អ្នកអាចស្វែងរកចម្លើយនៃសំណួរទាំងប្រាំនេះ ១-តើខ្ញុំជានរណា? ២- តើខ្ញុំមកពីណា? ៣- តើខ្ញុំពូកែអ្វី? ៤- តើខ្ញុំចូលចិត្តអ្វី? ៥-តើអ្វីដែលខ្ញុំត្រូវការបំផុត ចង់បានបំផុតក្នុងជីវិតនេះ? ដើម្បីដឹងថាគោលដៅជីវិតរបស់អ្នក ជាគោលដៅពិតនោះ គឺកិច្ចការណាដែលអ្នកធ្វើហើយ អ្នកសប្បាយរីករាយក្នុងការធ្វើវាដោយមិនធុញទ្រាន់ ដោយមិនជិនណាយ ឬអ្នកហត់តែកាយ តែចិត្តរបស់អ្នកនៅតែមិនហត់។ នៅពេលដែលអ្នកស្វែងរកគោលដៅនៃជីវិតរបស់អ្នកឃើញហើយ មិនថាគោលដៅនោះតូច ឬធំប៉ុនណានោះទេ រឿងតែមួយគត់គឺអ្នកត្រូវតែប្រឹងអ៊ុំ ប្រឹងចែវ និងប្រឹងហែលឆ្លងមហាសារគដ៏ធំល្វឹងល្វើយនោះឲ្យបាន ដើម្បីឲ្យបានដល់ត្រើយនៃបុព្វហេតុជីវិត គោលដៅនៃត្រើយសុភមង្គលរបស់ជីវិតអ្នក។ នៅក្នុងដំណើរជីវិតនេះ អ្នកប្រាកដណាស់នឹងជួបខ្យល់ព្យុះបកបោក ជួបភ្លៀងផ្គូររន្ទះ ជួបរលកសមុទ្រធំៗ និងអាចជួបត្រីឆ្ដោត្រីឆ្លាមជាដើម។ ទៀតសោត ក្នុងដំណើរនៃជីវិតនេះ វាគឺប្រៀបដូចជាការសម្ដែងល្ខោនដែលមានលាយឡំជាមួយនឹងរឿងសុខ រឿងទុក្ខ រឿងល្វីងជូរចត់ រឿងប្រៃផ្អែម រឿងជួប រឿងនិរាសព្រាត់ប្រាស ខកចិត្តខកបំណង យើងក្បត់គេ គេក្បត់យើង យើងត្រូវបានគេសរសើរ និងត្រូវបានគេនិន្ទាជាដើម។ មានពេលខ្លះ ជីវិតនេះគឺពោរពេញទៅដោយអស់សង្ឃឹម អស់ថាមពល អស់កម្លាំងចិត្ត មិនដឹងថាយើងត្រូវដើរទៅមុខទៀតដើម្បីអ្វី ឬត្រូវទៅមុខទៀតដោយរបៀបណា ហើយត្រូវទៅណាបន្ដទៀត។ មានពេលខ្លះទៀត អ្នកមានអារម្មណ៍ថាចង់បោះបង់ចោល ចង់ទម្លាក់ចោលនូវអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើកន្លងមកក៏មាន។ ពេលខ្លះ អ្នកខិតខំប្រឹងប្រែងណាស់ដែរ តែវិបាកនៃកម្ម គឺផ្ដល់ឲ្យអ្នកជួបតែរឿងមិនល្អទៅវិញក៏មាន។ អ្នកខ្លះជួបនូវរឿងរ៉ាវទាំងនេះតិច ឯអ្នកខ្លះទៀតក៏ជួបរឿងរ៉ាវទាំងអស់នេះច្រើន។ នេះគឺជា ដំណើរនៃនាវាជីវិតពិត។ នៅពេលដែលអ្នកបានជួបឧបសគ្គទាំងនេះក្នុងជីវិតអ្នក ចូរអ្នកកុំអស់សង្ឃឹមអី។ ឧបសគ្គជារឿងល្អ ពីព្រោះវាគ្រាន់តែចង់ធ្វើតេស្ដសមត្ថភាពអ្នក តេស្ដភាពរឹងមាំរបស់អ្នកប៉ុណ្ណោះ។ ម្យ៉ាងទៀត វាបង្រៀនអ្នកឲ្យក្រោកងើបចេញពីបញ្ហាដោយរបៀបណា។ អ្វីដែលជាពិសេស វាបានធ្វើឲ្យអ្នកកាន់តែរឹងមាំជាងមុន និងវាបានចង្អុលបង្ហាញពីភាពខ្វះខាតរបស់អ្នក ហើយវាថែមទាំងបង្ហាញមាគ៌ាឲ្យអ្នកធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យដោយរបៀបណា។ ចូរអ្នកស្រឡាញ់វា រាប់អានវាជាមិត្ដដ៏ល្អ និងយកវាជាបទពិសោធន៍នៃជីវិតដើម្បី ទុកវាជាស្ពានដើរឆ្ពោះទៅរកសុភមង្គលនៃជីវិតពិត។ មានពេលខ្លះរឿងអាក្រក់ដែលអ្នកបាន ជួបនៅថ្ងៃនេះ វាអាចជារឿងល្អសម្រាប់អ្នកនៅថ្ងៃស្អែក ហើយរឿងល្អដែលអ្នកបានជួបនៅថ្ងៃ នេះ វាអាចជារឿងអាក្រក់នៅថ្ងៃស្អែកក៏ថាបាន។ ចូរកុំតូចចិត្តពេក អន់ចិត្តពេក ឬខកចិត្តពេក នូវអ្វីដែលអ្នកបានជួបនៅថ្ងៃនេះ ហើយអ្នករឹតតែកុំសប្បាយចិត្តខ្លាំងពេកនូវភាពជោគជ័យ ឬអ្វីដែលអ្នកទទួលបាននូវថ្ងៃនេះផងដែរ ពីព្រោះអ្វីៗគឺសុទ្ធតែមិនទៀតទាត់ វាអាចបាត់បង់គ្រប់ពេលវេលា។ រឿងដែលអ្នកត្រូវធ្វើនោះគឺ នៅពេលដែលអ្នកជួបបញ្ហា ថាតើអ្នកត្រូវក្រោកឈរវិញដោយរបៀបណា? ហើយនៅពេលដែលអ្នកជោគជ័យ ថាតើអ្នកត្រូវថែរក្សានូវភាពជោគជ័យនោះឲ្យបានគង់វង្សដោយរបៀបណា? ដរាបណាអ្នកនៅមានដង្ហើមចេញចូល អ្នកត្រូវតែមានសង្ឃឹមជានិច្ច។​ អ្នកកុំចុះចាញ់ចំពោះខ្លួនអ្នកឡើយ។ នៅពេលដែលអ្នកមានបុព្វហេតុជីវិតពិតប្រាកដ កុំថាឡើយអ្នកសល់ពេលមួយវិនាទីដើម្បីរស់ ក៏អ្នកសប្បាយចិត្តក្នុងធ្វើរឿងហ្នឹងដើម្បីបុព្វហេតុជីវិតរបស់អ្នកដែរ។
 

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ សៀវភៅមាគ៌ាជីវិត និងស្នេហា

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន