បុរសអភ័ព្វស្នេហ៍ និងព្រះសង្ឃអភ័ព្វស្នេហ៍

#

បុរសអភ័ព្វស្នេហ៍ និងព្រះសង្ឃអភ័ព្វស្នេហ៍

មានបុរសអភ័ព្វស្នេហ៍ម្នាក់គួរឲ្យស្រឡាញ់និងមានអត្តចរិតរម្យទមបានធ្វើដំណើរផ្សងព្រេងទៅក៏បានជួបនារីសម្បូរស្នេហ៍ម្នាក់ដ៏ស្រស់សោភាដូចបុប្ផាក្រពុំនៅជាប់នឹងទង។ បុរសអភ័ព្វស្នេហ៍នោះក៏បានចាប់ចិត្តប្រតិព័ទ្ធនារីសម្បូរស្នេហ៍នោះទៅ។ ជាកុសលកម្ម បណ្តាលឲ្យបុរសអភ័ព្វស្នេហ៍រូបនេះបានទទួលស្នេហ៍ពីការដាក់ទានរបស់នារីសម្បូរស្នេហ៍នោះ ហើយពួកគេ ទាំងពីរទទូលទាននូវស្នេហាដ៏ផ្អែមទឹកឃ្មុំរួមគ្នាក្នុងគ្រានោះទៅ។ ពួកគេទាំងពីរបានសាងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានជាច្រើនរាប់មិនអស់។ បុរសអភ័ព្វស្នេហ៍រូបនេះ ធ្លាប់ស្បថចំពោះ ខ្លួនឯងថា ខ្ញុំនឹងស្រឡាញ់នាងរហូតដល់អវសាន្តនៃជីវិត ហើយស្រឡាញ់តែរូបនាងម្នាក់គត់ ខ្ញុំនឹងមិនយកនារីណាផ្សេងក្រៅ ពីនាងសម្បូរស្នេហ៍នេះឡើយ។ ចំណេរកាលក្រោយមក តាមច្បាប់ធម្មជាតិ គ្មានអ្វីដែលឋិតថេរនោះទេ អ្វីៗត្រូវបានប្រែប្រួល នារីសម្បូរស្នេហ៍ដោយហេតុនាងជានារីដែលស្រស់ឆើតឆាយបានក្បត់ចិត្តបុរសអភ័ព្វស្នេហ៍ទៅរកបុរសដទៃទៀត។ រឿងដ៏សែនឈឺចាប់នេះបានធ្វើឲ្យបុរសអភ័ព្វស្នេហ៍រូបនេះបានឈឺចិត្តស្អិតបេះដូង ក្ដៅចិត្តហាក់ដូចជាពើតចាប់ឈឺផ្សារក ពាក្យអ្វីមកថ្លាថ្លែងឲ្យស្មើគ្មាន។ការព្រាត់ប្រាស់នេះធ្វើឲ្យបុរសអភ័ព្វស្នេហ៍លែងចង់រស់នៅលើផែនដីនេះតទៅទៀតពីព្រោះបុរសនេះគិតថាចិត្តបេះដូងរបស់គាត់មិនអាចឈប់ស្រឡាញ់នាងទេ។ បុរសអភ័ព្វស្នេហ៍ក៏បានសម្រេចចិត្តទៅសម្លាប់ខ្លួនដែលជាជម្រើសចុងក្រោយដោយអត់ទ្រាំនឹងជំងឺមហារីកស្នេហាបេះដូងនេះពុំបាន។ បុរសអភ័ព្វស្នេហ៍កំពុងតែធ្វើដំណើរទៅបញ្ចប់ជីវិតរបស់ខ្លួនគាប់ជួនបានជួបនិងព្រះសង្ឃអភ័ព្វស្នេហ៍ដែរ។ ព្រះសង្ឃអភ័ព្វស្នេហ៍ដែលមានបទពិសោធន៍ស្នេហានៃភាពឈឺចាប់រាប់មិនអស់មុនមកបួសជាសង្ឃ បានយល់និងដឹងពីបញ្ហារបស់បុរសអភ័ព្វស្នេហ៍នោះ។ព្រះសង្ឃអភ័ព្វស្នេហ៍បានសួរទៅកាន់បុរសអភ័ព្វស្នេហ៍ថាម្នាល់ឧបាសកតើឧបាសកធ្វើដំណើរទៅណាបានជាទឹកមុខក្រៀមក្រំម្ល៉េះ? តើឧបាសកកើតរឿងអីអាចប្រាប់អាត្មាបានទេ?ភ្លាមនោះបុរសអភ័ព្វស្នេហ៍ឆ្លើយទាំងទឹកមុខប្រពោនដូចបុប្ផាខ្វះទឹកសន្សើមថា ខ្ញុំព្រះករុណាមិនអាចរស់នៅទៀតបានទេព្រោះមនុស្សដែលខ្ញុំស្រឡាញ់បំផុតជាងជីវិតខ្ញុំទៅទៀតគេមានអ្នកថ្មី ហើយខ្ញុំគិតថានឹងទៅផ្តាច់ជីពជនឥលូវនេះហើយ។ បន្ទាប់មកព្រះសង្ឃក៏បានពោលថា អាត្មាស្មានថាមានរឿងអ្វីធំដុំតាមពិតរឿងជ័រកៅស៊ូសោះ។ពេលនោះបុរសអភ័ព្វស្នេហ៍ឆ្លើយតបទាំងខឹងថារឿងជ័រកៅស៊ូអីខ្ញុំព្រះករុណាឈឺខ្លាំងណាស់នឹងត្រូវស្លាប់ឥលូវហ្មឹងហើយ។ ព្រះសង្ឃក៏បាននិយាយកាត់ថា មុននឹងឧបាសកស្លាប់ អត្មានឹងនិទានរឿងមួយឲ្យស្តាប់សិន បន្ទាប់មកចាំទៅស្លាប់ទៅ។ ពេលនោះព្រះសង្ឃក៏និទានរឿងឲ្យបុរសអភ័ព្វស្នេហ៍ស្តាប់៖ មានសេចក្តីដំណាលថាកាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់បានស្នាក់អាស្រ័យតែនៅក្នុងគុហាដែលគាត់មិនដែលឃើញពន្លឺថ្ងៃបន្តិចណាសោះ។ ថ្ងៃមួយបុរសរូបនោះ ធ្វើដំណើរចេញពីគុហាមកខាងក្រៅ ស្រាប់តែបុរស នោះបានឃើញ ពន្លឺថ្ងៃស្របចំពេលថ្ងៃត្រង់ដែលកម្តៅរបស់ព្រះអាទិត្យក្តៅខ្លាំងពេលនោះបុរសរូបនោះក៏សម្រេចចិត្តលោតជ្រោះដើម្បីបញ្ចប់ជីវិតខ្លួនព្រោះគាត់គិតថា គាត់មិនអាចរស់បានទេព្រោះអីវាក្តៅខ្លាំងពេក។ សំណួរសួរថា តើបុរសនោះល្ងង់ឬ ក៏ឆ្លាត? ចម្លើយ គឺថាគាត់ជាមនុស្សល្ងង់ខ្លៅបំផុតពីព្រោះកម្តៅរបស់ព្រះអាទិត្យមិនអាចធ្វើឲ្យមនុស្សនោះស្លាប់ទេ។ តាមធម្មតា នាពេលព្រឹក វាត្រជាក់ល្អ តែនៅថ្ងៃត្រង់ វាក្តៅខ្លាំងណាស់ ហើយនៅពេលល្ងាចវាប្រាកដណាស់នឹងត្រជាក់វិញ។ ព្រះសង្ឃបានបន្តថា ចេតសិក គឺជាសភាវៈដែលកើតឡើងដោយចិត្តក៏បាត់បង់ដោយចិត្តដែរ។ធម្មតាចិត្តស្រឡាញ់របស់អ្នកពេលនេះ មិនទាន់កាត់ ចិត្តបានតែពេលក្រោយចិត្តស្រឡាញ់របស់អ្នកនឹងបាត់បង់ទៅមិនខាន តែយើងត្រូវការពេលវេលាសមស្របណាមួយប្រៀប ប្រដូចនឹងកម្តៅរបស់ព្រះអាទិត្យដូចគ្នាហើយសមនិងមានឃ្លាមួយលើកឡើងថា  ពេលវេលាគឺជាឧសថ្ថដ៏ពូកែស័ក្កសិទ្ធក្នុង

ការព្យាបាលស្នាមរបួសបេះដូងអ្នក។ ព្រះសង្ឃបានពោលបន្តថា អ្នកទៅគង់តែទៅ អ្នកមកគង់តែមក បើអ្នកស្រឡាញ់គាត់ អ្នកគួតែឲ្យគាត់ចាកចេញទៅ បើគាត់ស្រឡាញ់យើងគាត់នឹងត្រឡប់មកវិញជាមិនខាន។ អ្នកត្រូវគិតថា នាងគ្មានសំណាង បានអ្នកធ្វើជាគូអនាគតទេ ពីព្រោះអ្នកជាមនុស្សល្អ នាងនឹងបានមនុស្សប្រហាក់ប្រហែល នឹងនាងអីញ្ជឹងហើយអ្នកនឹង មាននារីល្អណាម្នាក់នឹងធ្វើជាគូជីវិតមិនខាន។ តើអ្នកធ្លាប់លឺទេថា​ នាងរត់រកអ្នក ស្រីខាតលក្ខណ៍រត់រកប្រុសកំបាក់ទន្សា  ជំទាវរត់រកឧញ្ញា ស្រីខ្លោចផ្សា រត់រកប្រុសហិនហោច។ តើអ្នកយល់ទេ? អាត្មានិយាយចប់ហើយ បើឧបាសកចង់ទៅ សម្លាប់ខ្លួនក៏ទៅចុះ។ ពេលនោះស្រាប់តែ ទឹកមុខរបស់បុរសអភ័ព្វស្នេហ៍ប្រែពី មុខស្រពោនដូចរុក្ខជាតិខ្វះទឹកសន្សើមទៅ ជាទឹកមុខស្រស់ស្រាយដូចបុប្ផាក្រពុំហើយបុរសនោះបាននិយាយទាំងមានទំនុកចិត្តថា ខ្ញុំព្រះករុណាលែងចង់ស្លាប់ទៀត ហើយជីវិតនេះមានតម្លៃណាស់ចំពោះខ្ញុំពីថ្ងៃនេះតទៅខ្ញុំនឹងខំរក្សាចិត្តស្មោះរបស់ខ្ញុំជូនទៅនារីណាដែលសាកសម្យនឹងទទួលវា ហើយឲ្យទៅនារីណាដែលព្រមទទួលយកវានិងឲ្យតម្លៃវា។ សង្ឃអភ័ព្វស្នេហ៍ក៏បន្លឺសំលេងឡើងថា ពិតជាល្អប្រពៃ ណាស់ ហើយអ្នកត្រូវចាំថាគ្មានការជួបណាដែលមិនព្រាត់ប្រាស់នោះទេថ្ងៃនេះជួបវាអាចថ្ងៃស្អែកបែកបើមិនចង់ឲ្យមាន បែកលុះត្រាតែកុំជួប វាជាក្រឹតក្រមធម្មជាតិ។​[...]

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន