ពលរដ្ឋដែលមានគុណភាព

#

 ពលរដ្ឋដែលមានគុណភាព

 

ជាទូទៅដើម្បីឲ្យប្រទេសមួយអាចមានការរីកចម្រើនទៅបានគេត្រូវការពលរដ្ឋដែលមានគុណភាពជាមុនសិន។ ពលរដ្ឋដែលមានគុណភាពនឹងរើសបានមេដឹកនាំដែលមានគុណភាពហើយបំរើផលប្រយោជន៍ប្រជាពល

រដ្ឋយ៉ាងពិតប្រាកដ។
គុណភាពនៃប្រជាធិបតេយ្យពិតណាស់វាបានកើតចេញពីគុណភាពនៃការយល់ដឹងនិងការចូលរួមរបស់ប្រជា

ពលរដ្ឋដោយខានមិនបាន។ មេដឹកនាំដែលមានគុណភាពជាមេដឹកនាំដែលកើតចេញពីពលរដ្ឋដែល

មានចំណេះដឹង មានសមត្ថភាព និងមាន គុណធម៌ ចរិយាធម៌ ប៉ុន្តែសំណួរសួរថា៖ ពលរដ្ឋដែល

មានគុណ ភាពជាពលរដ្ឋបែបណា? ដើម្បីឲ្យការដឹកនាំរដ្ឋមាន ប្រសិទ្ធិភាពតើគេត្រូវការការចូលរួមអ្វីខ្លះ ពីប្រជាពលរដ្ឋ? ជាការពិតណាស់ពលរដ្ឋមានគុណភាពសំដៅលើពលរដ្ឋដែលមានការយល់ដឹងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ក្នុងនោះដែរការយល់ដឹងតែម្យ៉ាងក៏មិនអាច ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនដែរគេត្រូវការឲ្យមានការ ចូលរួមយ៉ាង ទូលំទូលាយពីពលរដ្ឋបន្ថែមទៀតទើបដំណើរការនៃការអភិវឌ្ឍប្រទេសមានភាពរលូន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធិភាពគួរជាទីទុកចិត្ត។ ពលរដ្ឋដែលមានគុណភាព មិនត្រឹមតែអាចជួយឲ្យប្រទេស ជាតិមួយមានការរីកចម្រើនរុងរឿងនោះទេ ថែមទាំងជួយឲ្ យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅទូទាំងពិភាពលោក ទៀតផង(ករណីប្រជាពលរដ្ឋអាមេរិចបានធ្វើឲ្យពលរដ្ឋក្នុងលោកជាច្រើនយកជាគំរូតាម ជាពិសេសគឺ ការ អនុវត្ត លទ្ធិប្រ ជាធិបតេយ្យ)។
ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋដែលមានការយល់ដឹងស៊ីជម្រៅអំពីរឿងបញ្ហាស្រុកទេសបញ្ហាសង្គមទូទៅ បញ្ហា សេដ្ឋ កិច្ច និងវប្បធម៌ប្រពៃណីបានយ៉ាងល្អ។
ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋដែលចេះធ្វើការជាមួយអ្នកដ៏ទៃក្នុងគោលដៅជួយអភិវឌ្ឍសង្គមជាតិ

ទាំងមូលដោយមិនសម្ងំសុខ យករួចខ្លួននៅពេលប្រទេសជាតិកំពុងត្រូវការ។ ពលរដ្ឋដែល ល្អនិងមានគុណភាព ជាពលរដ្ឋដែល មានសីលធម៌ ខ្ពស់ទាំងការរស់នៅការប្រកបរបររកស៊ី និងការមិនយកប្រៀប ឬជិះជាន់អ្នកដ៏ទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ពលរដ្ឋដែលមានគុណភាពត្រូវអនុវត្តតាមគោលការណ៍នៃការយល់ដឹងនិងការចូលរួមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ពួកគេត្រូវតែជាមនុស្សដែលមានការយល់ដឹងនិងចូលរួមតាមដានក្នុងរឿងសំខាន់ៗរបស់ប្រទេសជាតិ ក៏ដូច ជារឿងរ៉ាវនៃការវិវឌ្ឍន៍ទៅរបស់ពិភពលោកដើម្បីធ្វើការប្រៀបធៀបជាមួយការរស់នៅនិងការដឹកនាំរបស់អ្នក

តំណាងដែលគេរើសមកឲ្យបម្រើផលប្រយោជន៍របស់ពួកគេ។

ដូច្នេះ ពលរដ្ឋដែលមានគុណភាពត្រូវចូលរួមយ៉ាងសកម្មក្នុងវិស័យមួយចំនួនដូចខាងក្រោម៖

    ក្នុងវិស័យនយោបាយ៖

១.ពលរដ្ឋដែលមានគុណភាពត្រូវធ្វើការតាមដានឲ្យបានសព្វជ្រុងជ្រោយនូវព័ត៌មានទាំងឡាយណាដែលទាក់ទងនឹងមេដឹកនាំ ការសម្រេចចិត្តរបស់មេដឹកនាំ និងបញ្ហាស្រុកទេសទូទៅ។
២.ពលរដ្ឋមានគុណភាពត្រូវបំពេញកតព្វកិច្ចរបស់ខ្លួនក្នុងការជ្រើសតាំងអ្នកតំណាងរបស់ខ្លួនយ៉ាងទៀងទាត់ និងប្រកប ដោយការយល់ដឹងពីការបោះឆ្នោត។
៣.ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋដែលចូលរួមក្នុងរឿងនយោបាយដោយផ្ទាល់និងដោយប្រយោល ដូចជាចូល រួមធ្វើ នយោបាយ និងការឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ជាដើម។ល។
៤.ពលរដ្ឋដែលមានគុណភាពត្រូវពិនិត្យតាមដានគ្រប់សកម្មភាពនិងការអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំខ្លួនថាត្រឹមត្រូវយុត្តិធម៌ និងមានការរីកចម្រើនដែរឬទេ?
៥.ពលរដ្ឋដែលមានគុណភាពក្នុងរឿងនយោបាយជាពលរដ្ឋដែលមានចិត្តមិនលំអៀងមិនងប់ងល់ផ្កាប់មុខនឹងមនោគមវិជ្ជាជ្រុលនិយមណាមួយរបស់បក្សនយោបាយនិងមានវិចារណញ្ញាណខ្ពស់ក្នុងការសម្រេចចិត្តធ្វើនយោបាយដើម្បីចៀសវាងការក្លាយជាឧបករណ៍របស់អ្នកនយោបាយដែលមានចេតនាទុច្ចរិត។

    ក្នុងផ្នែកសេដ្ឋកិច្ច

១.ត្រូវប្រកបរបររកស៊ីដោយសុច្ចរិតត្រឹមត្រូវមិនទុច្ចរិតលក់ជាតិនិងបំផ្លាញផលប្រយោជន៍រួមរបស់ជាតិ និងមិនរំលោភ បំពាន អ្នកដ៏ទៃ។
២.ជាពលរដ្ឋដែលឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសនិងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងរឿងធុរកិច្ចនានា។
៣.ជាពលរដ្ឋដែលមានការសន្សំសំចៃខ្ពស់មិនខ្ជះខ្ជាមិនភ្លើតភ្លើននិងបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សបរិភោគនិយមរហូតភ្លេចសតិ។
៤.ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះធុរកិច្ចរបស់ខ្លួនដោយត្រូវបង់ពន្ធជាទៀតទាត់ជូនរដ្ឋ មិនគេចពន្ធ និងធ្វើរឿង មិនស្របច្បាប់គ្រប់ប្រភេទទាំងអស់។

    ក្នុងផ្នែកសង្គម វប្បធម៌ ប្រពៃណី

១. ជាពលរដ្ឋដែលសាមគ្គីគ្នាយ៉ាងល្អដើម្បីឲ្យអាចរួមរស់ជាមួយគ្នាក្នុងសង្គមយ៉ាងមានសន្តិភាព សន្តិសុខ និងសុភមង្គល។
២.រក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ប្រទេសជាតិដែលដូនតាបានបន្សល់ទុកឲ្យនិងផ្សព្វផ្សាយប្រពៃណី និងវប្បធម៌ខ្លួន ឲ្យជនបរទេសបានដឹងនិងទទួលស្គាល់ពីភាពអច្ឆរិយៈនៃវប្បធម៌ខ្លួន(ករណីជប៉ុនកូរ៉េ ថែ ចិន ឥណ្ឌា គេធ្វើបានល្អក្នុង ការពង្រីក និងផ្សព្វផ្សាយវប្បធម៌របស់គេនៅទូទាំងពិភពលោក)។
៣.ជាពលរដ្ឋដែលចេះចែកគ្នារស់ចែកគ្នាស៊ីមិនដណ្ដើមគ្នារស់ដណ្ដើមគ្នាស៊ីដណ្ដើមគ្នាធំដណ្ដើមគ្នាមានបាន។
៤.ត្រូវយល់ដឹងពីតួនាទីនិងកតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋម្នាក់ក្នុងសង្គមដោយជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ការគោរពច្បាប់និងសណ្ដាប់ធ្នាប់សាធារណៈផ្សេងៗ(ជាពិសេសច្បាប់ចរាចរណ៍និងអនាម័យនៅតាមទីសាធារណៈ ជាដើម។)
៥.ជាពលរដ្ឋដែលមានការខិតខំរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់មានសីលធម៌គុណធម៌និងចេះជួយយកអាសារអ្នកដ៏ទៃ និង ជនរួមឈាមរបស់ខ្លួនបានយ៉ាងល្អ និងកក់ក្ដៅ។
បើតាមគំនិត និងអនុសាសន៍របស់លោកបណ្ឌិត កែម ឡី ទាក់ទងនឹងពលរដ្ឋដែលមានគុណភាពនេះ លោកបាន ផ្ដល់ ជា យោបល់ថា៖ “ការដែលពលរដ្ឋអាចក្លាយជាពលរដ្ឋដែលមានគុណភាពបានវាក៏អាស្រ័យមេដឹកនាំនៃប្រទេសនោះចេះរៀបចំ បណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពរបស់ពលរដ្ឋដែរទើបធ្វើឲ្យពលរដ្ឋមានគុណភាពទៅបាន។”
ដូច្នេះមេដឹកនាំមានតួនាទីចំពោះពលរដ្ឋដូចជា៖
១.ផ្តល់ការគិតដល់ពលរដ្ឋបែបស៊ីជម្រៅនោះពលរដ្ឋមិនចាំចាប់ចេះស្ទូចត្រីក៏មានត្រីហូបដែរហើយព្យាយាម និយាយការពិត កុំនិយាយការពារ។
២.ផ្ដល់ភាពងាយស្រួលនិងឱកាសដល់ពលរដ្ឋឲ្យទទួលព័ត៌មានដែលមានគុណភាពខ្ពស់ចេញពីសាលា គ្រួសារ សហគមន៍ សង្គម និងពីស្ថាប័នពាក់ព័ន្ធនានា។ ព័ត៌មានដែលមានគុណភាព គឺចេញពីការសិក្សាស្រាវជ្រាវជាក់លាក់ ប្រព័ន្ធព័ត៌មាន អាជីពការពិភាក្សា និង វិភាគវែកញែកច្បាស់លាស់។
៣.ពន្យល់ការពិតប្រសើរជាងពន្យល់កាពារពលរដ្ឋថ្មីជាពលរដ្ឋដែលមានព័ត៌មានតាមដានព័ត៌មាន ចូលរួមវិភាគព័ត៌មាន ពិភាក្សាវែកញែកនិងដឹងពីអ្វីដែលខុសអ្វីដែលត្រូវអ្វីដែលល្អនិងអ្វីដែលមិនសមស្រប។
ពលរដ្ឋត្រូវធ្វើការផ្លាស់ប្តូរអាកប្បកិរិយាឥរិយាបថនិងការអនុវត្តវិជ្ជមានឆ្ពោះទៅរកការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវ។ ពាក្យសម្តីនិងការអនុវត្តមានភាពស៊ីចង្វាក់គ្នាភាគច្រើននិងមិនបែកបាក់គ្នាដោយព្រោះតែរឿងនិន្នាការនយោបាយខុសគ្នាជាដើម។
ជាចុងក្រោយពលរដ្ឋដែលមានគុណភាពមិនត្រឹមតែមានចំណេះដឹងបទពិសោធន៍និងសម្រេចចិត្តត្រឹមត្រូវប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមពេញលេញក្នុងសកម្មភាពសង្គមនិងសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលមានលក្ខណៈប្រជាធិបតេយ្យបើកចំហនិងមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួនឯងពិតប្រាកដ។មេដឹកនាំដែលមានការទទួលខុសត្រូវជាមេដឹកនាំដែលមិនចេះបន្ទោសអ្នកក្រោមនិងមិននាំបញ្ហាទៅថ្នាក់លើ
និងដល់ពលរដ្ឋ។
មេដឹកនាំដែលល្អជាមេដឹកនាំដែលចេះដោះស្រាយបញ្ហាជូនពលរដ្ឋប្រកបដោយយុទ្ធសាស្រ្តនិងភាពទន់ភ្លន់ មិនមែន មេដឹក នាំដែលចូលចិត្តបង្កើតបញ្ហាពង្រីកបញ្ហាតូចឲ្យទៅជាបញ្ងាធំរួចដោះស្រាយបញ្ហាយកគុណសម្បត្តិផ្ទាល់ខ្លួននោះទេ។
សរុបមកដើម្បីឲ្យប្រទេសខ្មែរមានការអភិវឌ្ឍទៅបានគេត្រូវអភិវឌ្ឍប្រជាពលរដ្ឋឲ្យមានការយល់ដឹងដ៏ត្រឹមត្រូវជាមុនសិនដោយរដ្ឋាភិបាលជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់ជាងគេនៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ។ប្រជាពលរដ្ឋក៏មាន តួនាទីយ៉ាងសកម្មមិនចាញ់រដ្ឋាភិបាលដែរក្នុងការអភិវឌ្ឍផ្នត់គំនិតខ្លួនឯងឲ្យទាន់សម័យ មានការរីកចម្រើនប្រកបដោយ ការ ចូលរួមនិងមានភាពវិជ្ជមាន។ប្រធានាធិបតីទី៣៥របស់អាមេរិចលោក John F.Kennedy បានលើក ឡើង ថា"ប្រទេសជាតិមួយមិនអាចអភិវឌ្ឍន៍រីកចម្រើនទៅមុខរួចបានទេបើពលរដ្ឋក្នុងប្រទេសនោះមិនព្រមអភិវឌ្ឍន៍ខ្លួនឯងជាមុនសិន"។ ចំណែកលោកលីខ្វាន់យូបិតាស្ថាបនិកនិងជាអតីតនាយករដ្ឋមន្ត្រីសិង្គពួរបានលើកឡើងថា"ចង់ដឹងថាប្រទេសណាមួយរីកចម្រើនឬស៊ីវីល័យឬមិនស៊ីវីល័យគេមើលតែលើ២ចំណុចទេ"ចំណុចទាំងនោះមានដូចជា៖
ចំណុចទី១.តើពលរដ្ឋនៃប្រទេសនោះចេះជម្រាបសួរស្វាគមន៍គ្នាបានសមរម្យហើយឬនៅ? ចំណុចទី២.តើពលរដ្ឋនៃប្រទេសនោះចេះចោលសម្រាមក្នុងធុងសម្រាមហើយឬនៅ? (របៀបចោលសម្រាម)
សម្រាប់បរិបទស្រុកខ្មែរវិញ សូមបងប្អូនកុំមើលបំណាំគ្នា កុំចាំតែចាប់កំហុសរដ្ឋាភិបាលឬអ្នកដ៏ទៃឡើយ !
យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ !
រឿងបញ្ហាប្រទេសជាតិវាជាទំនួលខុសត្រូវរបស់យើងគ្រៗប់គ្នា រឿងចោលសម្រាមក្ដី រឿងអំពើពុក រលួយក្ដីគឺ វាផ្ដើមចេញពី ខ្លួនយើងទៅមុន!
លោក John F.Kennedy បានផ្ដាំថា"សូមកុំសួរថាប្រទេសជាតិផ្ដល់អ្វីខ្លះដល់អ្នក ប៉ុន្តែសូមសួរ ខ្លួនឯងថា តើអ្នកបានផ្ដល់អ្វីខ្លះដល់ប្រទេសជាតិមាតុភូមិរបស់អ្នក?"​

អរគុណចំពោះការគាំទ្រ និងការរិះគន់ទាំងឡាយ!!!


ប្រភព៖​ ហង្ស វិទូ

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិដោយ សម្លេងអ្នកអាន