ពាក្យសម្តីលើកទឹកចិត្ត( ភាសាស្នេហ៍ទី១)

#

ពាក្យសម្តីលើកទឹកចិត្ត

វិធីមួយដែលបង្ហាញពីសេចក្តីស្នេហាដ៏ផ្អែមល្ហែមតាមផ្លូវចិត្តគឺជាការប្រើពាក្យសម្តីពិរោះពិសាដើម្បីកសាងក្តីស្រឡាញ់ដ៏ល្អមួយឡើង។ ពាក្យសម្តីសរសើរ គឺជាអំណាចដ៏មានឥទ្ធិពលក្នុងការទំនាក់ទំនងនៃសេចក្តីស្រឡាញ់។ ក្នុងការប្រើពាក្យពេចន៍ ឬពាក្យសម្តីដើម្បីឲ្យគ្រួសារមានសុភមង្គល ឬដើម្បីឲ្យចំណងស្នេហ៍រឹងមាំ គឺទាមទារឲ្យប្តីឬប្រពន្ធ ឬគូសង្សាយល់ដឹង និងចេះពីការប្រើពាក្យពេចន៍មួយចំនួនដូចជា៖
ពាក្យសម្តីលើកទឹកចិត្ត
តើអ្វីទៅពាក្យពេចន៍លើកទឹកចិត្ត? ពាក្យថា លើកទឹកចិត្ត មានន័យថា ជំរុញឲ្យមានសេចក្តីក្លាហាន។ ការជំរុញលើកទឹកចិត្តនេះ គឺមិនមែនជាការដាក់សម្ពាធលើប្ដីឬប្រពន្ធ ឬដៃគូរបស់អ្នកនូវអ្វីដែលអ្នកចង់បានឬចង់ធ្វើនោះទេ។ ប៉ុន្តែវាជាការជំរុញ គឺជាការបំផុស ការលើកទឹកចិត្តនូវអ្វីដែលជាចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្តរបស់ដៃគូ ប្ដីឬប្រពន្ធរបស់យើង ហើយយើងនឹងគាំទ្រគំនិត ឬការចង់ធ្វើអ្វីមួយរបស់ដៃគូ ប្ដីឬប្រពន្ធរបស់យើង។
ការជំរុញលើកទឹកចិត្ត ត្រូវឲ្យមានការយល់ចិត្ត និងការមើលឃើញពីអ្វីដែលជាគំនិត ទស្សនវិស័យ ឬការចង់បានរបស់ប្តី ឬប្រពន្ធ ឬដៃគូយើង។ ដំបូងបង្អស់ យើងត្រូវរៀនពីអ្វីដែលជាតម្រូវការ ឬអ្វីជាការចង់បានរបស់ដៃគូយើង។ បន្ទាប់មកយើងធ្វើការជំរុញលើកទឹកចិត្តគាត់ឲ្យធ្វើរឿងទាំងនោះ។ ការប្រើពាក្យលើកទឹកចិត្តដូចជា អូនដឹងពីបំណងឬការចង់បានរបស់បង អូននឹងគាំទ្រការសម្រេចចិត្តរបស់បង បងនឹងជួយជ្រុមជ្រែងអូនដល់ទីបំផុត កុំបារម្មណ៍អី។ល។ យើងកំពុងតែព្យាយាមបង្ហាញថាយើងជឿជាក់លើសសមត្ថភាពដៃគូរបស់យើង។ នេះគឺយើងកំពុងតែផ្តល់ការជឿទុកចិត្ត និងការសរសើរដល់ប្តី ឬប្រពន្ធ ដៃគូជីវិតរបស់យើង។

ដកស្រង់និងសម្រួលខ្លឹមសារសំខាន់ៗ៖  The 5 Love Languages by Dr. Champman

ដោយ៖ សម្លេងអ្នកអាន