ភរិយាសូត្រ

#

ភរិយាសូត្រ

លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ហើយទ្រង់សម្តែងថា ម្នាលនាងសុជាតា ភរិយារបស់បុរស មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ?
ម្នាលនាងសុជាតា បណ្ដាភរិយាទាំង៧ ពួកនេះ តើនាងជាភរិយាដូចម្ដេច? បើពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនបានអត្ថន័យនៃភាសិតនេះទេ សូមព្រះអង្គសម្ដែងដោយសង្ខេប។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ចុះ បន្ទាប់មកព្រះពុទ្ធទ្រង់សម្តែងថា 
១- ភរិយាស្មើដោយអ្នកសម្លាប់
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្ត្រីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភរិយាទុកស្មើពេជ្ឍឃាត។
២- ភរិយាស្មើដោយចោរ
ម្យ៉ាងទៀត ស្វាមីនៃស្ត្រីបាននូវទ្រព្យណាហើយតម្កល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្រ្តីនោះប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្រ្ដីណាជាភរិយានៃបុរសមានសភាពដូច្នេះ ស្រ្តីនោះហៅថា ភរិយាជាចោរ។
៣- ភរិយាស្មើដោយម្ចាស់
ស្ត្រីមិនមានសេចក្តីប្រាថ្នានឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្រ្ដីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ហៅថាភរិយាស្មើចៅហ្វាយនាយ។
៤- ភរិយាស្មើដោយមាតា
ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វៗ កាលចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះៗ ស្ត្រីណាជា ភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភរិយាទុកស្មើម្តាយ។
៥- ភរិយាស្មើដោយប្អូនស្រី
ស្ត្រីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា(ប្តី) ស្រ្តីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ភរិយាទុកស្មើដូចប្អូនស្រី។
៦- ភរិយាស្មើដោយសម្លាញ់
ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចសម្លាញ់បានឃើញសម្លាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះបរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្ត្រីមានវត្តប្រតិបត្តិក្នុងប្ដី ស្រ្ដីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភរិយាទុកស្មើសម្លាញ់។
៧- ភរិយាស្មើដោយខ្ញុំស្រី
ស្ត្រីដែលស្វាមីស្តីបន្ទោស មិនមានចិត្តប្រទូស្តវិញ ចេះអត់ធ្មត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រី្តណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ភរិយាទុកស្មើខ្ញុំស្រី។
សង្ខេបខ្លឹមសារសំខាន់ៗ ដោយ៖ សម្លេងអ្នកអាន
ប្រភព៖ សុត្តន្តបិដក អង្គុត្ករនិកាយ សត្កកនិបាត អព្យាកតវគ្គ ភរិយាសូត្រ បិដកលេខ ៤៧ ទំព័រ ១៦៧-១៧២