ភាសាស្នេហ៍ទី១

#

ភាសាស្នេហ៍ទី១ គឺទាក់ទងននឹងប្រើប្រាស់ពាក្យសម្ដី

វិធីមួយដែលបង្ហាញពីសេចក្តីស្នេហាដ៏ផ្អែមល្ហែមតាមផ្លូវចិត្តគឺជាការប្រើពាក្យសម្តីពិរោះពិសាដើម្បីកសាងក្តីស្រឡាញ់ដ៏ល្អមួយឡើង។ ពាក្យសម្តីសរសើរ គឺជាអំណាចដ៏មានឥទ្ធិពលក្នុងការទំនាក់ទំនងនៃសេចក្តីស្រឡាញ់។ ក្នុងការប្រើពាក្យពេចន៍ ឬពាក្យសម្តីដើម្បីឲ្យគ្រួសារមានសុភមង្គល ឬដើម្បីឲ្យចំណងស្នេហ៍រឹងមាំ គឺទាមទារឲ្យប្តីឬប្រពន្ធ ឬគូសង្សាយល់ដឹង និងចេះពីការប្រើពាក្យពេចន៍មួយចំនួនដូចជា៖

ពាក្យពេចន៍ល្អៗពិរោះពិសា (Kind Words)
ប្រសិនបើយើងចង់មានទំនាក់ទំនងដោយប្រើក្តីស្រឡាញ់ជាពាក្យសម្តី យើងត្រូវតែប្រើប្រាស់ពាក្យពេចន៍ដែល្អៗ នៅពេលដែលយើងនិយាយស្តី។ ប្រយោគតែមួយ តែអាចមានន័យពីរខុសគ្នា វាអាស្រ័យលើរបៀបនៃការប្រើ ឬការបញ្ចេញសំឡេងរបស់យើង។ ដៃគូ ប្ដី ឬប្រពន្ធរបស់យើងនឹងធ្វើការបកស្រាយសារឬក៏ពាក្យសម្តីរបស់យើង ដោយពឹងផ្អែកទៅលើការបញ្ចេញសម្លេងរបស់យើង មិនមែនទៅលើពាក្យពេចន៍ដែលយើងប្រើនោះទេ។ ម្យ៉ាងវិញទៀត យើងអាចនិយាយដោយត្រង់ទៅត្រង់មក ដោយបើកចំហដែលបង្ហាញពី អារម្មណ៍ពិតរបស់យើង ដូចជាការឈឺចាប់ ការលំបាក កំហឹង និងការខកចិត្តផ្សេងៗទៅកាន់ដៃគូ ប្ដី ឬប្រពន្ធរបស់យើង ហើយនេះគឺអាចបញ្ជាក់បង្ហាញពីក្តីស្រឡាញ់។ ឧទាហរណ៍៖ អូនមានអារម្មណ៍ថាអន់ចិត្ត និងឈឺចាប់ផងដែរ ពេលដែលបងមិនបានជួយធ្វើការងារអូនល្ងាចនេះ។ ប្រយោគនេះ បាននិយាយដោយភាពស្មោះត្រង់ ព្រោះអ្នកនិយាយចង់ឲ្យ ប្ដី ឬប្រពន្ធដឹងពីអារម្មណ៍ពិត ដើម្បីឲ្យដៃគូយកចិត្តទុកដាក់ជួយដោះស្រាយ និងវាបានបង្ហាញពីភាពស្និតស្នាលផងដែរ។
នៅពេលដែលដៃគូ ប្ដី ឬប្រពន្ធរបស់យើងមិនសប្បាយចិត្ត ក្តៅក្រហាយ ខឹងមួម៉ៅ ខកចិត្ត និងមានសម្តីគ្រោតគ្រាត ពេលនោះអ្វីដែលអ្នកត្រូវធ្វើគឺការឆ្លើយតបដោយពាក្យសម្តីជាមួយនឹងសម្លេងទន់ភ្លន់ ដូចពាក្យពោលថា សម្តីទន់ភ្លន់ តែងរំងាប់កំហឹង។ ម្យ៉ាងទៀត យើងត្រូវព្យាយាមស្តាប់ ប្ដី ឬប្រពន្ធបង្ហាញពីអារម្មណ៍ទាំងនោះចេញមកក្រៅ ដើម្បីឲ្យអារម្មណ៍គាត់ធូរស្បើយជាងមុន។ ប្រសិនបើយើងប្រព្រឹត្តអ្វីខុសឆ្គង យើងត្រូវតែក្លាហានហ៊ានសារភាពកំហុសទាំងនោះនៅមុខដៃគូ ប្ដី ឬប្រពន្ធ ថ្វីត្បិតអ្វី គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះទេ សំខាន់យើងសារភាព និងព្រមទទួលស្គាល់ថា វាជាកំហុស ហើយព្យាយាមកែប្រែ មិនប្រព្រឹត្តកំហុសនោះទៀតនាថ្ងៃខាងមុខ។ ប្រសិនបើយើងជ្រើសរើសការអត់ទោសវិញ នោះភាពស្និទ្ធស្នាលនឹងអាចកើតត្រឡប់មកដូចធម្មតាវិញ ព្រោះការអត់ទោស គឺជាផ្លូវឆ្ពោះរកក្តីស្រឡាញ់។ ការអត់ទោស គឺជាការបញ្ជាក់បង្ហាញពីសេចក្តីដោយសម្តីពិរោះពិសា ដូចជា បងស្រឡាញ់អូន ឬអូនស្រឡាញ់បង។ បងយកចិត្តទុកដាក់ចំពោះអូន បងព្រួយបារម្មណ៍ពីអូន និងបងអភ័យទោសឲ្យអូនជាដើម។
Humble Words (ប្រើពាក្យពេចន៍សុភាពរាបសារ)
ក្តីស្រឡាញ់គឺកើតចេញពីការស្នើសុំ តែមិនមែនជាការទាមទារចង់បាន ឬតម្រូវឲ្យគេធ្វើម្យ៉ាងឲ្យខាងតែបាននោះទេ។ ក្នុងនាមយើងជាប្ដី ឬប្រពន្ធ គឺមានតួនាទីស្មើគ្នា គ្មានអ្នកណាធំជាង ឬតូចជាងនោះទេ តែតម្រូវឲ្យគោរពគ្នាទៅវិញទៅមក។ ប្រសិនបើយើងចង់កសាងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង នោះគឺយើងចាំបាច់ត្រូវតែដឹងពីអ្វីជាចំណង់ចំណូលចិត្ត ឬបំណង់ប្រាថ្នារបស់ដៃគូ ប្តី ឬប្រពន្ធរបស់យើង។
ពេលដែលយើងបានឲ្យដៃគូ ប្ដី ឬប្រពន្ធរបស់យើងដឹងពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់យើង នោះប្រៀបដូចជាយើងស្នើសុំអ្វីមួយពីគាត់ មិនមែនជាការតម្រូវឲ្យគាត់ធ្វើមួយជាដាច់ខាតនោះទេ។ ប៉ុន្តែបើយើងទាមទារឲ្យគាត់ធ្វើអ្វីមួយវិញ យើងគឺមិនមែនជាដៃគូជីវិត ប្ដី ឬប្រពន្ធទេ តែយើងជាអ្នកប្រើអំណាចផ្តាច់ការទៅវិញ។ ស្វាមីនិយាយថា តើអូនអាចធ្វើសម្លកកូរដ៏ឆ្ងាញ់បានអត់ ល្ងាចនេះ? នេះជាការស្នើសុំ ដោយពោលពាក្យសុភាពរាបសារទៅកាន់ដៃគូ ប្ដី ឬប្រពន្ធរបស់យើង។
Various Dialects (ការប្រើពាក្យពេចន៍ផ្សេងៗ)
លោក William James ជាអ្នកចិត្តវិទូ បាននិយាយថា តម្រូវការខ្លាំងបំផុតរបស់មនុស្សគឺជាតម្រូវការផ្នែកអារម្មណ៍នៃការសរសើរ។ យើងអាចនិយាយពោលពាក្យសរសើរ ពាក្យល្អៗ ពាក្យវិជ្ជមានពីដៃគូ ប្ដី ឬប្រពន្ធរបស់យើងទៅកាន់មិត្តភក្កិ ឪពុកម្តាយ សាច់ញាតិរបស់យើង។ នៅពេលដែលមាននរណាម្នាក់ មកនិយាយប្រាប់អ្នកនូវអ្វីដែលដៃគូ ប្ដី ឬប្រពន្ធរបស់បាននិយាយប្រាប់ នោះអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ។ ជាពិសេស វាជាការល្អ នៅពេលដែលយើងសរសើរដៃគូ ប្ដី ឬប្រពន្ធរបស់យើងនៅចំពោះមុខ មិត្តភក្កិ ម្តាយឪពុកក្មេក និងសាច់ញាតិយើងជាដើម។ ទង្វើនេះគឺសបញ្ជាក់ថាយើងកំពុងតែលើកតម្កើង លើកមុខមាត់ លើកកិត្តិយសដៃគូ ប្ដី ឬប្រពន្ធរបស់យើងហើយ គាត់នឹងរំភើបសប្បាយរីករាយខ្លាំង។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ដកស្រង់ខ្លឹមសារសំខាន់ៗពីសៀវភៅ The 5 Love Languaes