យុវជនជាមួយនឹងក្ដីស្រមៃ

#

យុវជនជាមួយនឹងក្ដីស្រមៃ

 

ពាក្យថាសេចក្ដីស្រឡាញ់គឺមានអត្ថន័យធំធេងណាស់ ហើយខ្ញុំសឹងតែអាចនិយាយបានថា ពុំអាចសរសេររៀបរាប់អស់ក្នុងសំណេរមួយដ៏ខ្លីនេះអស់។ សេចក្ដីស្រឡាញ់ គឺតម្រូវឲ្យអ្នកលះបង់គ្រប់យ៉ាងដោយស្វ័យប្រវត្ដិ។ សេចក្ដីស្រឡាញ់នេះទៀតសោត គឺតម្រូវឲ្យអ្នកពលិកម្មគ្រប់រឿងរ៉ាវទាំងអស់។ សេចក្ដីស្រឡាញ់ គឺអាចឲ្យអ្នកជម្នះរាល់ឧបសគ្គនានាដែលកើតមានឡើង។ សេចក្ដីស្រឡាញ់ គឺអាចឲ្យអ្នកអូសភ្នំរំលងសមុទ្របាន។ សេចក្ដីស្រឡាញ់ គឺអាចឲ្យអ្នកហែលឆ្លងរលកព្យុះភ្លៀងធំៗនានានៃជីវិតបាន។ សេចក្ដីស្រឡាញ់ គឺអាចឲ្យរបស់អ្វីមួយដែលនៅឆ្ងាយសែនឆ្ងាយដូចជើងមេឃ មកនៅជិតក្បែរកាយាបាន។ និយាយរួមឲ្យខ្លី សេចក្ដីស្រឡាញ់នេះ គឺទោះបីជាអ្នកត្រូវរស់បានតែមួយវិនាទីក៏មិនស្តាយដែរ។ ហេតុអ្វីខ្ញុំត្រូវនិយាយតែពីសេចក្ដីស្រឡាញ់? ក្ដីស្រមៃគឺបានផ្សារភ្ជាប់ យ៉ាងជិតស្និតជាមួយសេចក្ដីស្រឡាញ់។ ក្ដីស្រមៃគឺកើតចេញពីសេចក្ដីស្រឡាញ់ ឬជាប់ចិត្តស្អិតដូចជ័រទៅលើអ្វីមួយ។ យុវជនណាដែលគ្មានក្ដីស្រមៃ គឺប្រៀបដូចជាការស្រឡាញ់ស្រីយករូបរាងខាងក្រៅជាធំ។ យុវជនណាដែលគ្មានក្ដីស្រមៃ គឺប្រៀបដូចភពផែនដីគ្មានព្រះសូរីយា។ យុវជនណាដែលគ្មានក្ដីស្រមៃ គឺប្រៀបបីដូចទីក្រុងដែលគ្មានផ្សារ និងអគ្គិសនីប្រើប្រាស់។ យុវជនណាដែលគ្មានក្ដីស្រមៃ គឺប្រៀបដូចជាអ្នកជិះទូកគ្មានច្រវា នៅកណ្ដាលសាគរគ្មានកោះគ្មានត្រើយ។ យុវជនណាដែលគ្មានក្ដីស្រមៃ គឺប្រៀបដូចជានាវាដែលគ្មានចង្កូត។ យុវជនណាដែលគ្មានក្ដីស្រមៃ គឺប្រៀបដូច អ្នករស់ដើម្បីកំដរតែថ្ងៃស្លាប់ប៉ុណ្ណោះ ហើយជីវិតអ្នកគឺប្រែជាគ្មានតម្លៃ និងឥតន័យផងដែរ។ 

#តើអ្វីទៅជាក្ដីស្រមៃ? ក្ដីស្រមៃ គឺមិនសំដៅលើអារម្មណ៍នឹកភ្នកទៅរករឿងអតីកាល ឬអនាគតមួយភ្លេតៗនោះទេ តែវាជាសេចក្ដីស្រឡាញ់ឋិតថេរពិតប្រាកដែលចេញពីចិត្ត ពីបេះដូង ចំពោះអ្វីមួយ។ យុវជនគួរតែមានក្ដីស្រមៃ។ យុវជនដែលមានក្ដីស្រមៃ តែគ្មានផែនការសកម្មភាពច្បាស់លាស់ គឺប្រៀបដូចជាផ្សែងដែលហោះរសាត់ទៅលើវេហាគ្មានរូបរាងអ្វីទាំងអស់។ ក្ដីស្រមៃដែលគ្មានផែនការសកម្មភាពច្បាស់លាស់ គឺវាត្រឹមតែជាស្រមោលប៉ុណ្ណោះ។ យុវជនណាដែលមានក្ដីស្រមៃ គឺជាមនុស្សដែលហ៊ានប្រឡងប្រណាំងច្រជែងជាមួយជីវិតរបស់ខ្លួន។ យុវជនណាដែលមានក្ដីស្រមៃ គឺជាមនុស្សដែលហ៊ានកែប្រែជោគវាសនារបស់ខ្លួន។ យុវជនណាដែលមានក្ដីស្រមៃ គឺជាអ្នកដែលហ៊ានជម្នះ ប្រយុទ្ធប្រឆាំងនឹងភាពខ្ចិលច្រអូស នឹងភាពអាត្មានិយមរបស់ខ្លួន នឹងចិត្តអាក្រក់ទាំងឡាយដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ យុវជនណាដែលមានក្ដីស្រមៃ គឺជាអ្នកដែលហ៊ានបូជាកាយថ្វាយជីវិតចំពោះគោលដៅជីវិតរបស់ខ្លួន។ យុវជនណាដែលមានក្ដីស្រមៃ គឺជាអ្នកដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ធំរួម។ យុវជនណាដែលមានក្ដីស្រមៃគឺជាអ្នកដែលយកសេចក្ដីឈឺចាប់ទាំងឡាយណា ទុកជាមេរៀនជីវិតដើម្បីហោះហើរឲ្យខ្ពស់ជាងមុន រឹងមាំជាងមុន និងដើរបានឆ្ងាយជាងមុន។ យុវជនណាដែលមានក្ដីស្រមៃ គឺជាអ្នកដែលមិនឲ្យសម្ដីអ្នកទៃអាចមកកំណត់ជោគវាសនារបស់ខ្លួនឡើយ។ យុវជនដែលមានក្ដីស្រមៃ គឺជាអ្នកដែលស៊ូទ្រាំលំបាកថ្ងៃ នេះ តែមិនចង់ឲ្យការលំបាកកើតឡើងនូវថ្ងៃស្អែក។ យុវជនដែលមានក្ដីស្រមៃ គឺជាអ្នកដែលមិនឲ្យភាពក្រលំបាក អ្វីដែលគេប្រមាថមើលងាយនូវថ្ងៃនេះ មកតាមលងបន្លាចរហូតដល់ថ្ងៃស្អែក។ យុវជនដែលមានក្ដី គឺជាអ្នកដែលហ៊ានដើរតាមបេះដូងរបស់ខ្លួនឯង ដោយមិនខ្លាចពាក្យរិះគន់ ប្រមាថមើលងាយ ឬពាក្យនិន្ទារបស់អ្នកដទៃ គិតអ្វី ថាអ្វីមកលើខ្លួននោះទេ។ យុវជនដែលមានក្ដីស្រមៃ គឺជាអ្នកដែលមិនបោះបង់ក្ដីសុបិន ដោយសារតែលទ្ធផលសិក្សាមិនល្អ។ ពួកគេយល់ថា ក្រដាសពិន្ទុប្រឡងមួយសន្លឹក ឬសញ្ញាប័ត្រមួយសន្លឹក  គឺមិនអាចកំណត់ជោគវាសនារបស់ពួកគេទេ។ បរាជ័យក្នុងការសិក្សា មិនមែនមានន័យថាបរាជ័យក្នុងជីវិតនោះទេ។ ការសិក្សាគឺមិនសំដៅទៅលើ តែការរៀនសូត្រក្នុងសាលា ក្នុងថ្នាក់រៀននោះទេ។ ការសិក្សារៀនសូត្រ គឺយើងអាចរៀនបានគ្រប់ ពេលវេលា និងទីកន្លែងតាមរយៈការមើល ការស្ដាប់ និងការអង្កេតជាដើម។

ការសិក្សាគឺជាមាគ៌ាមួយអាចដឹកនាំអ្នកឲ្យមានទស្សនវិជ្ជាក្នុងខ្លូន។  យុវជនដែលមានក្ដីស្រមៃ គឺអ្នកដែលយល់អត្ថន័យពិតនៃការអប់រំ។ ការអប់រំគឺមិន សំដៅថាបុគ្គលនោះមានចំណេះដឹងទូទៅ ឬចំណេះជំនាញរបស់គាត់ច្រើននោះ។ ការអប់រំ គឺមានន័យថា ការស្វែងរកទេពកោសល្យដែលមានក្នុងខ្លួន ឬដែលជារបស់ខ្លួនមាន ហើយបុគ្គលនោះ ព្យាយាមអភិវឌ្ឍជំនាញទេពកោសល្យបន្ថែម ឬឲ្យខ្លាំងឡើងៗ។ គេព្យាយាមយកវាទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ ស្ថាប័ន និង ប្រទេសជាតិជាដើម។

 

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ សៀវភៅមាគ៌ាជីវិត និងស្នេហា

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន