រឿងនរិន្ទ

#

រឿងនរិន្ទ


នរិន្ទជាកូនអ្នកចម្ការកាហ្វេសរីរាង្គនៅមណ្ឌលគីរី។ គ្រួសារនរិន្ទមិនសូវមានជីវភាពធូរធារទេ។

ឆ្នាំនេះគេបានប្រឡងជាប់បាក់ឌុប រួចមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ដោយជ្រើសរើសជំនាញកសិកម្ម។ គេចង់ប្រែក្លាយប្រទេសកម្ពុជាជាមហាអំណាចកសិកម្មសរីរាង្គនៅថ្ងៃអនាគត គេចង់ឃើញខ្មែរមានសុខភាពល្អ។ នេះជាក្តីសុបិនធំបំផុតក្នុងជីវិតគេ។
ដើម្បីមានទីជម្រកសមរម្យ និងមានថវិកាគ្រប់គ្រាន់ នរិន្ទរៀនបណ្តើរ ធ្វើការបណ្តើរនៅហាងកាហ្វេមួយនៅភ្នំពេញ។ គេចង់ប្រឹងប្រែងដោយខ្លួនឯង រៀនរស់ខ្លួនឯង និងកាត់បន្ថយការចំណាយគ្រួសារ។

ថ្ងៃមួយម្តាយរបស់នរិន្ទធ្លាក់ខ្លួនឈឺ ត្រូវបញ្ចូនមកមន្ទីរពេទ្យកាលម៉ែត។ ក្រោយទទួលដំណឹងភ្លាម នរិន្ទខ្ចីម៉ូតូថៅកែ ដើម្បីប្រញាប់ទៅមើលម្តាយ។

នៅតាមផ្លូវ នរិន្ទបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយជិះម៉ូតូកៀរស្រ្តីម្នាក់ បណ្តាលឲ្យដៃម៉ូតូគេទាក់ការបូបស្រ្តីនោះ ដួលបោកទៅលើដីទាំងពីរនាក់។ ស្រ្តីនោះបានស្រែកឆោឡោរកគេឲ្យជួយ : «ចោរ! ចោរ! ចោរឆក់កាបូប ! »

ភ្លាមៗនោះអ្នកដំណើរនៅតាមផ្លូវ មានទាំងម៉ូតូឌុបបានស្ទុះមកវាយដំនរិន្ទ ដោយមិនសួរហេតុផលសូម្បីមួយម៉ាត់។ ទម្រាំសមត្ថកិច្ចមកដល់ នរិន្ទបានបាត់បង់ស្មារតីហើយ របួសហូរឈាមជោកខ្លួន។

ឃើញភ្លាម និស្សិតពេទ្យម្នាក់បានស្ទុះមកជួយនរិន្ទ និងយកក្រមារំរបួស។ 
នាងនិយាយទៅកាន់មហាជន : «ឈប់ទៅ ពូមីង បងៗ បានហើយ គាត់សន្លប់ហើយ ទុកឲ្យសមត្ថកិច្ចដោះស្រាយទៅ។ ប្រទេសមានច្បាប់។»

ស្រ្តីម្ចាស់កាបូបឆ្លើយតប : « ច្បាប់អី ខ្ញុំមិនជឿទេ។ វៃវាទៅបងប្អូន។ ចោរវាគ្មានគុណធម៌ទេ។ វាសមបែបហ្នឹង វៃទៅ។ »

មហាជនបានស្ទុះទៅវៃនរិន្ទបន្ត រហូតដល់សមត្ថកិច្ចចូលមក ឃាត់ទើបឈប់។
ឡានសង្រ្គោះបានមកដឹកនរិន្ទទៅមន្ទីរពេទ្យកាលម៉ែត ដែលនៅក្បែរ។

ក្រោយហេតុការអាក្រក់នេះ មហាជនបានបែកគ្នាអស់ ស្រ្តីម្ចាស់កាបូបបានត្រឡប់ទៅផ្ទះវិញ។ គ្រាន់តែទៅដល់មុខផ្ទះភ្លាម ស្ត្រីនេះស្រែកប្រាប់កូនចៅពីហេតុការណ៍ខ្លួនជួប។

កូនស្រីគាត់ក៏មកសួរនាំ ហើយបើកទូរស័ព្ទមើលហេតុការណ៍នោះដែលគេបានផ្សាយផ្ទាល់តាមហ្វែសប៊ុក។ ស្រ្តីជាម្តាយក៏មើលជាមួយ។ រំពេចនោះគាត់បានឃើញស្នាមមួយខ្មៅលើដៃនរិន្ទ ដូចជាស្នាមសន្លាក់លើដៃកូនប្រុសគាត់ដែលបានបាត់ខ្លួន វង្វេងក្នុងព្រៃកាលគាត់ទៅលេងមណ្ឌលគីរិកាលពី១០ឆ្នាំមុន។

ដោយសង្ស័យ គាត់ក៏ទៅមន្ទីរពេទ្យកាលម៉ែត សួរនាំ។
គាត់បានជួបឳពុកនរិន្ទដែលត្រូវទទួលបន្ទុកធ្ងន់ក្នុងពេលតែមួយ។ ក្រោយសួរនាំមួយសន្ទុះ ស្រ្តីនេះធ្លាក់ខ្លួនក្តុក ស្រែកយំពេញបន្ទប់។ ការពិតនរិន្ទពិតជាកូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួនកាលពីដប់ឆ្នាំមុន ដោយឳពុកម្តាយចិញ្ចឹមរកឃើញនៅព្រៃជ្រៅ ហើយចិញ្ចឹមបីបាច់ ដោយមិនឲ្យអ្នកណាដឹង សូម្បីនរិន្ទផ្ទាល់ កាលនោះគាត់ទាំងពីរចង់បានកូនណាស់។

បីថ្ងៃក្រោយ នរិន្ទបានភ្ញាក់ដឹងខ្លួន ហើយវង្វេងស្មាតីបាត់បង់ការចងចាំស្ទើរទាំងស្រុង។ ម្តាយចិញ្ចឹមគេ ក៏បានផុតដង្ហើមនៅថ្ងៃបន្ទាប់។

ស្រ្តីជាម្តាយនិងគ្រួសារត្រូវសោកស្តាយពេញមួយជីវិត។

នរិន្ទ គឺអ្នកដែលជាធំលើអស់ជន អ្នកដែលជាម្ចាស់នៃមនុស្ស(ក្សត្រទ្រង់រាជ្យ)

 

———
១. ជីវិតត្រូវតស៊ូ ប្រឹងប្រែងរស់ដោយខ្លួនឯង។
២. ត្រូវមានក្តីសុបិនធំក្នុងជីវិត ទោះជាអ្នកកើតក្នុងត្រកូលក្រីក្រ។ 
៣. ត្រូវចេះជួយឈឺឆ្អាលអ្នកដទៃ ដែលកំពុងរងគ្រោះ។
៤. កុំវិនិច្ឆ័យអ្វីៗលឿនពេក អ្នកអាចមានវិប្បដិសារីនៅថ្ងៃក្រោយ។ អ្វីដែលអ្នកឃើញ អ្វីកើតឡើងពិតមានមូលហេតុ។

ប្រភព៖ ប៊ួ បញ្ញា

ដោយ៖ សម្លេងអ្នកអាន