រឿងអប់រំ បុរសមានប្រពន្ធ៤

#

រឿងបុរសមានប្រពន្ធ៤

កាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធ៤នាក់ ហើយគាត់ស្រឡាញ់ប្រពន្ធទី៤របស់គាត់ជាងគេ ដែលគាត់ផ្ដល់នូវអ្វីៗ ទាំងអស់ពេលនាងត្រូវការ។ គាត់ក៏ស្រឡាញ់ប្រពន្ធទី៣របស់គាត់ដែរ ហើយគាត់តែង តែនាំនាងទៅណាមកណាជានិច្ច។ ឯប្រពន្ធទី២របស់គាត់វិញ គាត់តែងតែជជែក និងនិយាយរឿងក្នុង ចិត្តជាមួយនាង គាត់ជឿថានាងនឹងជួយគាត់។ ប្រពន្ធទី១ របស់គាត់គឺជាដៃគូដ៏ស្មោះត្រង់ ហើយនាង តែងតែលះបង់អ្វីៗដើម្បីគ្រួសារជានិច្ច តែបុរសជាប្ដីមិនដែលយកចិត្តទុកដាក់ ចំពោះនាងសូម្បីតែបន្ដិច តែនាងនៅតែស្រឡាញ់គាត់។
ថ្ងៃមួយបុរសនោះធ្លាក់ខ្លួនឈឺជិតដល់ពេលស្លាប់ ក៏នឹកនាដល់សេចក្ដីសោយសុខនឹងភរិយារបស់ខ្លួន ហើយក៏ចាប់ សួរប្រពន្ធ របស់ខ្លួន។
សួរប្រពន្ធទី៤មុនគេ បងស្រឡាញ់អូនជាងគេ ហើយបងផ្ដល់អ្វីៗទាំងអស់ជូនអូន តើបងស្លាប់ទៅអូន ទៅកំដរបងទេ? ភ្លាមនោះប្រពន្ធរបស់គាត់តបយ៉ាងមុតមាំថា ទេ ហើយដើរចេញដោយគ្មាននិយាយអ្វី ផ្សេងទៀត។ សម្ដីរបស់នាង បានចាក់ដោតទៅលើប្ដីយ៉ាងខ្លាំង បន្ទាប់មកទៀតប្ដីក៏សួរប្រពន្ធទី៣ នាង តបថា “ ទេ! ” ហើយនិយាយថា “ ខ្ញុំនៅក្មេងស្អាត ខ្ញុំត្រូវយកប្ដីមួយទៀត ”។ ប្រពន្ធទី២ តបថា អូនសុំ ទោស អូនមិនអាចទៅមិនអាចជួយបងបានទេ អូនបានត្រឹមតែជួយ ហែរសព្វបងប៉ុណ្ណោះ។ ចម្លើយរប ស់ប្រពន្ធទាំងឡាយបានធ្វើឲ្យចិត្តរបស់គាត់សង្វេគបំផុត តែទីបំផុតមានសំឡេងនិយាយ ថា... អូននឹង ចាកចេញទៅជាមួយបង មិនថាបងទៅទីណាទេ។ នេះគឺជាសំឡេងរបស់ប្រពន្ធទី១ ដែលស្គមស្គាំ អាក្រក់មើលណាស់ ដែលគាត់តែងមើលរំលងរហូត។ បុរសជាប្ដីបានឆ្លើយបតយ៉ាងសោកស្ដាយថា បងគួរណាស់តែមើល ថែអូនឲ្យបានល្អកាលពីគ្រាមុន...។
ជាការពិតមនុស្សគ្រប់គ្នាសុទ្ធតែមានប្រពន្ធ៤ ប្រពន្ធទី៤សំដៅលើខ្លួនប្រាណរបស់យើង មិនថាពេល ណានោះទេ យើងតែងតែប្រាថ្នាខ្លួនប្រាណល្អស្អាត ដោយតុបតែងគ្រឿងនានា តែវាមិនបានទៅជាមួយ យើងពេលដែលយើងស្លាប់ នោះទេ។ ប្រពន្ធទី៣ គឺជា ទ្រព្យធន កម្មសិទ្ធិ ឋានៈ ពេលដែលយើងស្លាប់ ទៅវានឹងក្លាយជារបស់អ្នកដទៃ។ ប្រពន្ធទី២ គឺជា គ្រួសារ និងមិត្ដភក្តិរបស់យើង ចុងបញ្ចប់គាត់បាន ត្រឹមតែឈរមើលមុខយើងប៉ុណ្ណោះ។ ចំណែកឯប្រពន្ធទី១របស់យើង គឺជាដួងចិត្តរបស់យើង យើងតែង តែព្រងើយកន្ដើយជាមួយវា យើងស្វះស្វែងរកទ្រព្យ អំណាចផ្គត់ផ្គងចិត្តគេ ប៉ុន្ដែភ្លេចគិតថា អ្វីតែមួយ គត់ដែលរស់នៅជាមួយយើងគ្រប់ទីកន្លែង គ្រប់ពេលវេលា គឺជាដួងចិត្តរបស់យើង ដូច្នេះសូមយកចិត្ត ទុកដាក់ជា មួយខ្លួនយើងឲ្យកាន់តែច្រើនឡើង។ អ្នកអាចជាមួយទ្រព្យធន ឋានៈ សម្ភារៈ យសសក្ដិ ដែលអ្នកមាន។ អ្នកអាចស្រឡាញ់ ក្រុមគ្រួសាររបស់អ្នក ប៉ុន្ដែអ្វីដែលកាន់តែសំខាន់ គឺបន្ថែមការយក ចិត្តទុកដាក់រក្សាដួងចិត្ត ចិត្តគំនិតរបស់យើងឲ្យកាន់តែ ច្រើនឡើងៗ។ ចូរចំណាយពេលខ្លះនៅម្នាក់ឯង ស្វែងយល់អំពីខ្លួនឯងចំណាយពេលខ្លះដើម្បីធ្វើឲ្យខ្លួនឯងស្ងប់សុខ និង ចំណាយពេលខ្លះធ្វើសមាធិ អប់រំចិត្តខ្លួនឯងឲ្យកាន់តែប្រសើរ។

ប្រភព៖ ដកស្រង់ខ្លឹមសារទាំងស្រុងពីសៀវភៅ សមាធិដើម្បីថាពលជីវិត

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន