លក្ខណៈ ១០យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំ

#

លក្ខណៈ ១០យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំ

ព្រះពុទ្ធសម្ដែងថា ដើម្បីក្លាយខ្លួនជាមេដឹកនាំល្អ និងមានសមត្ថភាពខ្ពស់ អ្នកត្រូវបំពេញនូវលក្ខណៈ១០យ៉ាងនេះ
១- ជាមនុស្សពេញវ័យ បួសរៀនបានយូរ ដឹងកិច្ចការចាំរឿងរ៉ាវបានច្រើន។ ជាងនេះទៅទៀត ជាមនុស្សមានការពិសោធន៍ក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាវផ្សេងៗច្រើនដឹងការរាក់ជ្រៅ ធ្លាប់ឆ្លងកាត់បទរៀនជីវិត និងការងារយូរមកហើយ ចេះអត់ធ្មត់មិនឈាមរាវដូចក្មេង។
២- ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មានការគោរពច្បាប់ តាមវិន័យ បទបញ្ញត្តិផ្សេងៗ មានច្បាប់រដ្ឋធម្មនុញ្ញជាដើមចម មិនប្រព្រឹត្តល្មើសច្បាប់ និងមានព្រឹត្តិកម្មខាងកាយវាចាល្អប្រពៃ មិនមានស្លាកស្នាមខាងអំពើទុច្ចរិត។
៣- ជាអ្នកចេះច្រើន មានចំណេះវិជ្ជាខ្ពស់ និងទូលំទូលាយ ស្គាល់បញ្ហា ស្គាល់សេចក្តីត្រូវការរបស់សង្គម និងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហា។
៤- ជាអ្នកដែលដឹងពីគោលច្បាប់ គោលវិន័យ ទាំងច្បាប់គ្រប់គ្រងប្រទេស គឺច្បាប់រដ្ឋធម្មនុញ្ញ និង ច្បាប់ជាតិ អន្តរជាតិទាំងឡាយ រួមទាំងពួកសន្ធិសញ្ញា កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿង នយោបាយ សង្រ្គាម សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌។ល។
៥- ជាអ្នកវៃឆ្លាត ពូកែក្នុងការរំងាប់អាធិករណ៍ ជម្លោះ ការទាស់ទែងគ្នាក្នុងសង្គម ដូចជាទំនាស់រវាងនាយទុន និងកម្មករ រដ្ឋ និងរាស្រ្ត ទំនាស់បក្សផ្សេងៗ ទំនាស់ផ្នែកសេដ្ឋកិច្ច ខាងសង្រ្គាម ជាដើម ដែលកើតឡើង ឲ្យរសាត់បាត់ទៅវិញបាន និងបានសេចក្តីសប្បាយរីករាយ ទាំងសងខាង ទាំងប្រកបដោយគតិយុត្តិធម៌។
៦- ជាអ្នកស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត ចេះស្តាប់ ចេះនិយាយ ចេះពិភាក្សា ធ្វើខ្លួនឲ្យគេសរសើរ ចង់ចូលជិតដើម្បីប្រឹក្សា សន្ទនា និងចូលចិត្តសិក្សា រៀនសូត្រនូវគោលការណ៍ច្បាប់ទម្លាប់ដែលជ្រៅៗ ថែមទៀត។
៧- ជាអ្នកដែលមិនលោភលន់ មិនខ្ជះខ្ជាយ មិនចង់បានឲ្យហួសឋានៈខ្លួន រស់នៅតាមបែបធម្មតាៗ មិនហ៊ឺហា ស៊ីវីល័យហួសពីអ្វីដែលខ្លួន ដែលប្រទេសខ្លួនកំពុងមាន។
៨- ជាអ្នកដែលមានសុខភាពបរិបូរណ៌ មិនងាយខឹង ងាយក្រោធ សប្បាយចិត្ត សុខចិត្តជានិច្ច មិនមួហ្មង តក់ស្លុត ទោះបីជាមានហេតុការណ៍អ្វីៗកើតឡើងក៏ដោយ ចិត្តរឹងប៉ឹង ក្លាហាន នឹងធឹង ប្រកបដោយសតិសម្បជញ្ញៈ។
៩- មានកិរិយាមារយាទគួរឲ្យជ្រះថ្លា ដឹងពិធីការ ដឹងសុជីវធម៌ ក្នុងសង្គម មិនឆ្គង មិនឈ្លើយ។
១០- ជាអ្នកដែលមានបញ្ញា ឃើញនូវសភាពពិតរបស់ធម្មជាតិ និងមានការគ្រប់គ្រងខ្លួន មិនជាប់ជំពាក់ដោយលោកធម៌៨គឺមិនញាប់ញ័រពេលគេសរសើរ និទ្ទា បានលាភ បាត់លាភ មានយសក្តិឋានៈ បាត់យសក្តិឋានៈ បានសុខ និងបានទុក្ខ តែដាក់ចិត្តជាកណ្តាល។ 
ដកស្រង់និងកែសម្រួលចេញពីសៀវភៅ ៖ ព្រះបាទធម្មិក របស់លោក ហ មណីចិន្តា

ដោយ៖ សម្លេងអ្នកអាន