សច្ចភាពនៃទ្រឹស្តីកម្មផលក្នុងការកែប្រែជោគវាសនាអ្នក

#

 សច្ចភាពនៃទ្រឹស្តីកម្មផលក្នុងការកែប្រែជោគវាសនាអ្នក

 

ក្នុងការទទួលបានភាពជោគជ័យក្នុងជីវិតឬដើម្បីទទួលបាននូវអ្វីដែលយើងប្រាថ្នាចង់បានក្នុងជីវិតយើងត្រូវតែស្វែងយល់និងដឹងពីសច្ចភាពនៃទ្រឹស្តីកម្មផល។ទ្រឹស្តីកម្មផលគឺទ្រឹស្តីមួយដែលស្របតាមច្បាប់ធម្មជាតិហើយទ្រឹស្តីនេះគឺជាមូលដ្ឋានគ្រិះនៃព្រះពុទ្ធសាសនាផងដែរ។ ទ្រឹស្តីកម្មផលគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងហេតុផលនៃបាតុភូតធម្មជាតិនិងការកើតស្លាប់នៃសត្វលោក។ ជាសក្ខីភាពព្រះ សម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថាបុគ្គលសាបព្រោះនូវពូជណារមែងទទួលបានផលនូវពូជនោះ។ ទៀតសោតទ្រឹស្តីនៃព្រះ ពុទ្ធសាសនាបានអះអាងថាថាមពលនៃជីវិតចាស់គឺជាកម្មឬមូលហេតុដែលបង្កឲ្យកើតជាផលអ្វីមួយ។ ទ្រឹស្តីនេះក៏បាន ពន្យល់ទៀតថា ជីវិតចាស់ និងជីវិតថ្មីគឺជាប់ទាក់ទងនឹងគ្នាយ៉ាងជិតស្និទ្ធ។

តើអ្វីដែលធ្វើឲ្យជីវិតចាស់និងជីវិតថ្មីខុសគ្នា?

ជីវិតចាស់និងជីវិតថ្មីមានលំនាំដូចគ្នានោះគឺនៅត្រង់ជីវិតថ្មីទទួលកម្មចាស់ដែលជីវិតចាស់បានសាងកន្លងមក។ ផ្ទុយទៅវិញ ជីវិតចាស់ និងជីវិតថ្មីមានលំនាំខុសគ្នានោះគឺនៅត្រង់ថាជីវិតថ្មីបានទទួលការអប់រំថ្មីៗ បានបញ្ចូលព័ត៌មានថ្មីៗ បានធ្វើសកម្មភាពថ្មីៗជាដើម។សំណូរសួរថាហេតុអ្វីបានជាមនុស្សមួយចំនួនកើតមក អ្នកខ្លះមាន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះមានរូបសម្បត្តិរូបសម្ផស្សល្អ អ្នកខ្លះអាក្រក់ អ្នកខ្លះមានបញ្ញា និងអ្នកខ្លះល្ងិតល្ងង់ទោះបីជាពួកគេកើតចេញពីផ្ទៃម្ដាយ តែមួយក៏ដោយ? ចម្លើយនោះគឺហេតុដែលពួកគេមានភាពខុសគ្នាគឺវាអាស្រ័យលើកម្មចាស់ដែលពួកគេបានសាងពីមុនមក។ តើពួកគេអាចកែប្រែជោគវាសនារបស់ពួកគេបានដែរឬទេ?ឧបមាថាបច្ចុប្បន្ននេះពួកគេខ្លះជាអ្នកក្រីក្រតោកយ៉ាកជាអ្នកល្ងិតល្ងង់ខ្វះបញ្ញាខ្វះចំណេះវិជ្ជាតើពួកគេអាចទទួលបានចំណេះវិជ្ជានិងទទួលបាននូវភាពមានបានដែរឬទេ? ពួកគេអាចកែប្រែជោគវាសនារបស់ខ្លួនពួកគេបានហើយពួកគេក៏អាចទទួលបាននូវភាពមានបានស្តុកស្តម្ភ និងទទួលបាននូវចំណេះវិជ្ជាដ៏ខ្ពងខ្ពស់បានផងដែរនោះគឺវាអាស្រ័យលើកម្មថ្មីដែលគេបានធ្វើនោះឯង។ កម្មថ្មីនោះគឺពួកគេត្រូវតែខិតខំរៀនសូត្រ ខិតខំអានសៀវភៅ បូជាទាំងកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមសិក្ខាសាលា ស្តាប់ការតស៊ូរបស់បុគ្គលជោគជ័យនិងបរាជ័យជាដើមនោះអ្នកនឹងទទួលបានចំណេះដឹងចំណេះវិជ្ជាជាក់ជាមិនខាន។ ចំពោះខ្លះអ្នកក្រីក្រតោកយ៉ាកនាពេលបច្ចុប្បន្នពួកគេអាចក្លាយជាអ្នកមានស្តុកស្តម្ភក្លាយជាមហាសេដ្ឋីនាពេលអនាគតបាន វាអាស្រ័យលើកម្មថ្មីដោយពួកគេខិតខំព្យាយាមខ្នះខ្នែងយ៉ាងដុតដៃដុតជើងក្នុងការធ្វើការងារឬក៏ប្រកបអាជីវកម្មផ្សេងៗ។

មនុស្សជាអ្នកធ្វើអំពើអ្វីមួយដោយខ្លួនឯងហើយក៏ត្រូវទទួលរងអំពើនោះដោយខ្លួនឯងដែរស្របតាមច្បាប់នៃកម្ម ហើយអំពើ ទាំងនោះនឹងហុចផលនៅពេលណាមួយជាក់ជាមិនខាន គ្រាន់តែក្នុងពេលណាមួយយូរ ឬឆាប់ប៉ុណ្ណោះ។កម្មខ្លះហុចផល ឲ្យនាពេលបច្ចុប្បន្នឯកម្មខ្លះទៀតនឹងហុចផលឲ្យនាពេលអនាគត។ ឧទាហរណ៍ កម្មដែលហុចផងនាពេលបច្ចុប្បន្នភាពនោះគឺ​ បន្ទាប់ពីអ្នកអាស្រ័យបាយហើយនោះអ្នកនឹងឆ្អែត។ ដោយឡែកកម្មដែលនឹងហុចផលឲ្យនាពេលអនាគតនោះគឺ ថ្ងៃនេះអ្នក បានដាំដើមស្វាយមួយដើម អ្នកនឹងទទួលបានផលផ្លែស្វាយនោះនាថ្ងៃខាងមុខជាក់ជាមិនខាន់ វាត្រូវការពេលកំណត់សម ស្របណាមួយទើបដើមស្វាយចេញផ្កាផ្លែ។

តើកម្មផលក្នុងព្រះពុទ្ធសាសនា មានន័យ និងលក្ខណៈដូចម្តេច? កម្មរាប់បញ្ចូលទាំងកុសលកម្ម អកុសលកម្មនិងអព្យា ក្រឹតកម្ម។កុសលកម្មគឺជាទង្វើល្អឬទង្វើដែលនាំឲ្យមកនូវភាពរីកចម្រើនថ្កុំថ្កើងនាំមកនូវប្រយោជន៍។ទង្វើល្អសំដៅយក អំពើល្អប្រកបដោយ កាយកម្ម វចីកម្ម និងមនោកម្ម។ អកុសលកម្ម គឺជាទង្វើអាក្រក់ ឬទង្វើនាំមកនូវទោស។ ចំនែកឯ អព្យាក្រឹតកម្ម គឺអំពើជាអព្យាក្រឹត ឬឧបេក្ខា។

ទ្រឹស្តីកម្មផលនេះដែរគឺទាក់ទងនឹងអំពើអ្វីមួយដែលយើងបានសម្រេចចិត្តធ្វើនាពេលបច្ចុប្បន្ននេះ។ ដោយហេតុផលថា ផលឬលទ្ធផលអ្វីៗដែលយើងទទួលបានថ្ងៃនេះវាបានមកពីអ្វីដែលយើងបានធ្វើពីអតីតកាល។ នៅពេលដែលយើងសម្រេច ចិត្តធ្វើអំពើជាកុសលរួមមាន កាយសុចរិត មនោសុចរិត វចីសុចរិត និងសកម្មភាពដែលនាំមកនូវសុភមង្គល និងភាពជោគ ជ័យដល់ខ្លួនយើងនិងអ្នកដទៃនោះផលដែលយើងនឹងទទួលបានគឺអំពើជាកុសល សុភមង្គល សេចក្ដីថ្លៃថ្នូរ និងភាពជោគ ជ័យ។ ដូច្នោះបើអ្នកចង់ជោគជ័យក្នុងជីវិតអ្នកត្រូវតែព្យាយាមឆ្លាក់ឆ្នៃខ្លួនអ្នកឲ្យមានតម្លៃអ្នកត្រូវតែរៀនដាំដុះ រៀនសាប ព្រោះនូវពូជល្អៗពូជជាកុសលកម្មនិងពូជជាសុភមង្គលនោះអ្នកនឹងទទួលផ្កាផ្លែជាភាពជោគជ័យ និងសុភមង្គលក្នុងជីវិត។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន