សេចក្ដីសុខពិត

#

សេចក្ដីសុខពិត

តើអ្វីជាសេចក្ដីសុខពិតប្រាកដ? តើត្រូវធ្វើយ៉ាងដូចម្ដេចទើបទទួលបានសេចក្ដីសុខពិត?

តើអ្នកចាំបាច់ ត្រូវទៅសុំសេចក្ដីសុខពីអ្នកដទៃដែរឬទេ?
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា ចិត្តជាប្រធាន បានដល់ចិត្តគឺជាអ្វីៗគ្រប់យ៉ាង។ បើសិនជាអ្នកមិនដឹងពីវិសាលភាពនៃចិត្តទេ មិនធ្លាប់ដកពិសោធន៍ និងធ្លាប់ពាល់នូវបទពិសោធន៍នៃការប្រើចិត្តទេ នោះអ្នកនឹងមិនដឹងមិនយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យមួយឃ្លានេះទេ។ បើតាមការស្រាវជ្រាវរបស់អ្នកចិត្តវិទូបានលើកឡើងថា ប្រភពនៃថាមពលរបស់មនុស្សគឺមានបួនប្រភព ក្នុងនោះ ចិត្តក៏ជាប្រភពថាមពលមួយដ៏សំខាន់ផងដែរ។ ចិត្ត និងកាយគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធសឹងមិនអាចដាច់ទីទៃពីគ្នាបាន តែបើយើងសិក្សាពីចិត្ត ធ្វើការអប់រំចិត្ត និងចេះគ្រប់គ្រងចិត្តឲ្យបានល្អ នោះគឺយើងអាចដកចិត្តពីកាយឲ្យផ្សេងពីគ្នាបាន។ មនុស្ស១០០នាក់ គឺមានចិត្តខុសគ្នាទាំង១០០ ហើយគេប្រៀបប្រដូចចិត្តរបស់មនុស្សទៅនឹងសត្វស្វា។ តើអ្នកសង្កេតឃើញសត្វស្វាយ៉ាងដូចម្ដេច? សត្វស្វាជាសត្វដែលមិនចេះនៅស្ងៀមនោះឡើយ។ វាចូលចិត្តរត់ចុះរត់ឡើង។ យ៉ាងណាមិញ ចិត្តរបស់មនុស្សក៏ដូចគ្នា ក្នុងមួយនាទីគឺចិត្តនឹកគិតដល់រឿងជាច្រើនលាយឡំគ្នា។ ខណៈខ្លះ ចិត្តរបស់យើងសោយដោយអារម្មណ៍ជាសុខ ហើយខ្លះទៀតវាសោយនូវអារម្មណ៍ជាទុក្ខ។ សុខ និងទុក្ខគឺ ស្ថិតនៅខណៈនីមួយផ្សេងពីគ្នា។ យើងមិនអាចទទួលអារម្មណ៍សុខផង និងទុក្ខផងក្នុងពេលតែមួយនោះទេ។ វាមានន័យថា នៅពេលយើងទទួលនូវអារម្មណ៍ជាសុខអារម្មណ៍ជាទុក្ខមិនមាន តែនៅពេលយើងទទួលនូវអារម្មណ៍ជាទុក្ខ នោះអារម្មណ៍ជាសុខក៏កន្លងបាត់ទៅ។ សេចក្ដីសុខបាត់ គឺវាជំនួសដោយទុក្ខ ហើយនៅពេលដែលទុក្ខបាត់បង់ នោះសេចក្ដីសុខក៏កើតមាន។ សេចក្ដីសុខក៏កើតចេញពីចិត្ត ឯសេចក្ដីទុក្ខក៏កើតចេញពីចិត្តផងដែរ។ សុខ និងទុក្ខគឺយើងម្នាក់ៗជាអ្នកកំណត់ និងជាអ្នកជ្រើសរើសផ្ទាល់។ អ្នកខ្លះ ចូលចិត្តឲ្យភ្នែក ឲ្យត្រចៀកខ្លួនជាអ្នកកំណត់សុខទុក្ខរបស់ខ្លួន ដោយគ្រាន់តែ ឃើញគេស្អាត ចិត្ដក៏លួចស្រឡាញ់ លួចឈឺចាប់តែម្នាក់ឯង គ្រាន់តែពាក្យសម្ដីរបស់អ្នកដទៃ និយាយពីរឿងអ្វីមួយ ឬនិយាយចំអកក្នុងគោលបំណងបំបែកបំបាក់ ឬគោលបំណងអាក្រក់ណាមួយក៏ចាប់ផ្ដើមឈឺចាប់។ សំណួរសួរថា តើយើងម្នាក់ៗអាចហាមឃាត់មាត់អ្នកដទៃ មិនឲ្យនិយាយល្អ និងមិនឲ្យនិយាយ អាក្រក់ពីយើងបានដែរឬទេ បើមាត់នៅនឹងអ្នកដទៃនោះ? មនុស្សភាគច្រើនចូលចិត្តផ្ងើសេចក្ដី សុខនៅលើអ្នកដទៃ ហើយចូលចិត្តធ្វើអ្វីៗដើម្បីផ្គាប់ផ្គុនចិត្តរបស់អ្នកដទៃ ក្នុងគោលបំណងឲ្យគេសរសើរ ឬនិយាយល្អពីខ្លួន។ នៅពេលដែលគេសរសើរខ្លួន ចិត្តរបស់ពួកគេក៏ត្រេកអរ។ ផ្ទុយទៅវិញ នៅពេលដែលគេមិនសរសើរ គេបន្ទុចបង្អាក់ ពួកគេក៏ចាប់ផ្ដើមឈឺចាប់ ខកចិត្ត និងខូចចិត្តស្អិតទ្រូងជាដើម។ កុំថាឡើយអ្នកដទៃ សូម្បីតែឪពុកម្តាយបង្កើតរបស់យើងផ្ទាល់ ក៏មិនអាចកំណត់សេចក្ដីសុខ-ទុក្ខរបស់យើងបានដែរ ទោះបីយើងកើតចេញពីឈាមរបស់លោកក្ដី។ ពីព្រោះអ្វី? ព្រោះរូបកាយ និងចិត្តរបស់យើងម្នាក់ៗគឺទីទៃពីគ្នា។ នៅពេលដែលយើង សុខ ពួកគាត់មិនអាចទទួល ឬពាល់នូវអារម្មណ៍ជាសុខរបស់យើងដល់កម្រឹតណានោះទេ។ ចំពោះនៅពេលយើងសោយនូវអារម្មណ៍ជាទុក្ខ ក៏លោកទាំងទ្វេមិនអាចទទួលទុក្ខជំនួសនូវអារម្មណ៍របស់យើងបានដែរ។ សេចក្ដីសុខពិតប្រាកដ គឺឋិតលើចិត្តរបស់យើង ហើយវាកើតចេញពីចិត្តរបស់យើងផ្ទាល់។ មិនថាអ្នកស្ថិតនៅក្នុងគុកងងឹត នៅលើកោះមួយតែម្នាក់ឯង ឬកន្លែងដ៏ទៃណាក៏ដោយ ក៏យើងអាចទទួលបាននូវអារម្មណ៍ជាសុខដែលវាផ្ដល់នូវសុភមង្គលផ្លូវចិត្តពិតប្រាកដដល់រូបអ្នកផ្ទាល់។ ចូរអ្នកកុំវង្វេងជាមួយចិត្តរបស់អ្នកអី។ អ្នកបានបោកប្រាស់ចិត្តរបស់អ្នកថា នៅពេលដែលអ្នកបានដើរលេងទៅទីដទៃជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ទើបអ្នកទទួលបានសេចក្ដីសុខ ហើយនៅពេលដែលអ្នកទទួលបាននូវរបស់អ្វីដែលជាចំណង់តណ្ហារបស់អ្នកដូចជា ទូរស័ព្ទស្មាតហ្វូន និងរបស់របរមានតម្លៃផ្សែងៗជាច្រើនទៀត ទាំងនេះគឺជាគ្រឿងលម្អចិត្តរបស់អ្នក ទើបធ្វើឲ្យចិត្តអ្នកមានភាពសប្បាយរីករាយ ទាំងអស់នោះគឺសុទ្ធតែមិនមែនជាការពិតនោះទេ តែវាគ្រាន់តែជួយឲ្យសប្បាយតែមួយគ្រាប៉ុណ្ណោះ វាមិនអាចជួយឲ្យអ្នកទទួលបានសេចក្ដីសុខពិតប្រាកដនោះទេ។ ថ្ងៃនេះ ខ្ញុំអារម្មណ៍មិនល្អទេ ខ្ញុំមិនចង់រៀនទេ ខ្ញុំមិនចង់ធ្វើការងារទេ ខ្ញុំចង់ចេញក្រៅដើម្បីធ្វើឲ្យចិត្តរបស់ខ្ញុំទទួលបាននូវភាពសប្បាយរីករាយ។ ភាពសប្បាយរីករាយទាំងនោះ គឺវាជាឆាកល្ខោនបន្លំភ្នែក  បន្លំចិត្តរបស់អ្នកប៉ុណ្ណោះ។ ឈប់ចេញបោកវាទៀតទៅ សេចក្ដីសុខពិតរបស់អ្នក គឺកើតពីចិត្តរបស់អ្នកផ្ទាល់។ អ្នកត្រូវតែធ្វើជាមនុស្សដែលឈ្នះ គឺឈ្នះលើចិត្តបោកប្រាស់របស់ខ្លួន ឈ្នះលើចិត្តអាក្រក់ ចិត្តសៅហ្មងទាំងឡាយ និងចិត្តអាត្មានិយមរបស់ខ្លួនឯងជាដើម។ អ្នកល្មមគួរធ្វើជាមនុស្សដែលខ្លាំង ជាអ្នកប្រយុទ្ធ ឬអ្នកចំបាំងពិតប្រាកដវិញម្ដង។ បើសូម្បីតែចិត្តអាក្រក់ ភាពខ្ចិលច្រអូសរបស់ខ្លួន អ្នកយកឈ្នះមិនបានផង នោះអ្នកមិនអាចដឹកនាំខ្លួនឯងឲ្យប្រសើរបានឡើយ ហើយអ្នករឹតតែមិនអាចដឹកនាំអ្នកដទៃបាន។ អ្នកបែរជាមិនយកចិត្តទុកដាក់ មិនមើលថែរក្សាចិត្តរបស់ខ្លួន តែអ្នកបែរជាផ្ញើសេចក្ដីសុខ ឬសុំសេចក្ដីសុខពីអ្នកដទៃទៅវិញ។

 

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ សៀវភៅមាគ៌ាជីវិត និងស្នេហា

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន