ស្រ្ដី៥ប្រភេទមិនគួរយកធ្វើជាភរិយា

#

ស្រី៥ប្រភេទមិនគួយកធ្វើជាភរិយា


ជម្រៅទឹកសមុទ្រឬមហាសមុទ្រគេអាចវាស់បានតែជម្រៅទឹកចិត្តមនុស្សគ្មានជនណាម្នាក់វាស់បានឡើយ។ ស្របគ្នានេះដែរ ក្នុងការស្វែងរកមិត្ត១០០ឆ្នាំមិនមែនជារឿងងាយនោះទេ វាទាមទារឲ្យយើងម្នាក់ៗត្រូវតែស្វែងយល់ពីដៃគូអនាគតយើងអំពី អត្តចរិកគាត់ ចិត្តគំនិតគាត់ ការគិតគាត់ ឆន្ទៈគាត់ មហិច្ឆតាគាត់ និងគោលដៅជីវិតគាត់ ថាតើយើងមានចំណុចរួមអ្វីខ្លះដែលអាចឲ្យដើរលើវិថីរួមជាមួយគ្នាបាននាថ្ងៃអនាគត។ ជៀសវាងដោយយើងគ្រាន់តែឃើញភ្លាមក៏ស្រឡាញ់ផ្លេតប្រៀបដូចស្នេហាភ្លើងចំបើង ហើយក៏ព្យាយាមយកនាងឬគាត់ធ្វើជាគូអនាគដោយមិនបានស្វែងយល់ចិត្តគ្នាឲ្យបានច្រើន នោះវាអាចបណ្តាលឲ្យយើងសម្រេចចិត្តខុស។ ពាក្យចាស់ពោលថា សំណាបយោងដី ស្រីយោងប្រុស ពូថៅយោងអុស ច្រមុះយោងថ្ពាល់។ ពិតណាស់ស្រ្តីដើរតួយ៉ាងសំខាន់ក្នុងគ្រួសារ នាងជាស្រ្តីគំរូល្អ សម្រាប់កូន ជាប្រពន្ធដ៏ល្អសម្រាប់ប្តី ហើយនាងថែមទាំងរ៉ាប់រងការងារក្នុងផ្ទះផងនិងក្រៅផ្ទះផងជាច្រើន។ ដូច្នោះវាពិតជាសំខាន់ចំពោះបុរសៗក្នុងការយកនារីណាម្នាក់មកធ្វើជាគូអនាគត បើយើងរើសនារីត្រូវនោះបណ្តាលឲ្យយើងមានសុភមង្គល រកស៊ីមានបាននិងថែមទាំងលើកមុខមាត់ប្តីនិងគ្រួសារទៀងផង។ ជាក់ស្តែងនារីខ្មែរដែលចារក្នុងប្រវត្តិសាស្ត្រនោះគឺព្រះនាងឥន្រ្ទទេវី ជានារីដ៏ល្អនិងជាគំរូដែលអាចឲ្យយើងរៀនសូត្របាន។ ទៀតសោត នាងវិសាខា ជាស្រ្តីប្រកបដោយបញ្ចពិធកល្យាណី និងអត្តចរឹកល្អក្រែលែង។ ផ្ទុយទៅវិញ បើសិនជាយើងរើសនារីខុសវិញនោះគឺវាបណ្តាលឲ្យយើងបាត់បង់កិត្តិយល អាប់រាសី ពិបាកក្នុងការរកស៊ីជាដើម។ ឧទាហរណ៍ ដូចក្នុងរឿងមាយើង ប្រពន្ធរបស់មាយើង នាងគឺជាស្រីខាតល័ក្ខណ៍។ ជាសក្ខីភាព នៅក្នុងសៀវភៅ The Keys to Success និពន្ធដោយលោក Napoleon Hill’s  លោកបានលើកឡើងពីកត្តាដែលនាំឲ្យបរាជ័យមាន២៥ចំណុច ក្នុងនោះកត្តារើសប្ដីប្រពន្ធខុសគឺបណ្តាលឲ្យបរាជ័យផងដែរ។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងនៅក្នុងជាតក ថា ស្រី៥ប្រភេទមិនគួយកធ្វើជាភរិយា។ ចូរកំណត់សម្គាល់ថា មិនគួយកមិនមែនហាមដាច់ខាតមិនយកធ្វើជាភរិយានោះទេ តែអ្នកអាចនៅតែយកបាន។
១-ទី១ ស្រីស្អាត
ធម្មតាភាគច្រើនស្រីស្អាត ចូលចិត្តលេងខ្លួនបន្តិចហើយ ហើយនាងចូលចិត្តធ្វើតាមទំនើងចិត្តនាងជាក់ជាមិនខាន។ ទៀតសោត នាងចូលចិត្តភាពហ៊ឺហា របស់របរមានតម្លៃ គ្រឿងអលង្ការថ្លៃៗ ស្មាតហ្វូន(Smart Phone) ចូលចិត្តសប្បាយច្រើន ដូច្នោះចង់មិនចង់ទាមទារឲ្យបុរសៗដែលស្រឡាញ់នាងត្រូវតែយកចិត្តនាង ផ្គាប់ចិត្តនាង។បើសិនជាយើងមិនសូវមានធនធានគ្រប់គ្រាន់ក្នុងផ្តល់នូវអ្វីដែលនាងចង់បាននោះទេ នាងនឹងរកបុរសផ្សេងទៀតដែលមាន។ បើសិនបើយើងជាអ្នកមាន នោះមិនយូរទេ យើងនឹងក្លាយទៅជាអ្នកក្រពីព្រោះនាងចូលចិត្តចាយលុយខ្ជះខ្ជាយ។ ចំណុចដែលសំខាន់គឺយើងពិបាកក្នុងការផ្គាប់ផ្គុននាង និងពិបាកក្នុងការពិភាក្សាគ្នា ពិបាកក្នុងការទំនាក់ទំនងគ្នា ខ្វែងគំនិតគ្នាជាដើម។ ទោះបីជារូបសម្បត្តិស្អាតយ៉ាងណាក៏ដោយ វាពិតជាលំបាកចំពោះបុរសៗដែលបាននាងធ្វើជាភរិយា នៅពេលដែលរួមរស់ជាមួយគ្នាយូរៗទៅប្រាកដណាស់ជាជិនណាយ អស់ក្តីស្រឡាញ់ អស់ចិត្តជាក់ជាមិនខាន។
២-ទី២ ស្រីមានអ្នកស្រឡាញ់ច្រើន
ធម្មតាស្រីដែលគេស្រឡាញ់ច្រើន នរណាៗក៏ប្រាថ្នាចង់បាននាងដែរ។ ដូច្នោះវាប្រាកដជាមិនល្អចំពោះយើងដែលស្រឡាញ់នាងនោះទេ។ ព្រោះអ្វី? ឧបមាថា ខ្ញុំបានស្រឡាញ់នាងកនេះខ្លាំងណាស់ ឯបុរសម្នាក់ទៀតក៏ស្រឡាញ់និងចង់បាននាងជាភរិយាខ្លាំងដែរ។ ដូចនេះ វាអាចបណ្តាលឲ្យរូបខ្ញុំនិងបុរសម្នាក់នោះនឹងមានទំនាស់វិវាទនិងគ្នាជាក់ជាមិនខាន។ ម្យ៉ាងទៀត ឧបមាថា ខ្ញុំបាននាងកជាប្រពន្ធ មិនប្រាកដថា ខ្ញុំអាចរស់នៅដោយសុខស្រួលនោះទេ ពីព្រោះវាអាចធ្វើឲ្យអ្នកដែលស្រឡាញ់នាងទាំងឡាយមិនសប្បាយចិត្ត និងធ្វើឲ្យពួកគេប្រើគ្រប់មធ្យោបាយសម្លាប់រូបខ្ញុំដើម្បីបាននាង ឬក៏ពួកគេសម្លាប់យើងទាំងពីរនាក់ប្តីប្រពន្ធក៏ថាបាន។មួយវិញទៀត ធម្មតានាងជាស្រីដែលមានអ្នកស្រឡាញ់ច្រើន នាងប្រាកដជាមានជម្រើសច្រើន មានការសំអាងច្រើន ដូចជា ទោះបីជាអត់រូបខ្ញុំ ក៏នាងមានបុរសផ្សែងៗជាច្រើនទៀតស្រឡាញ់នាងដែរ ដូចនេះចង់ឬមិនចង់នាងប្រាកដជាសាវាជាក់ជាមិនខាន។ ដូច្នោះវាអាចធ្វើឲ្យយើងខកចិត្តជាក់ជាមិនខាននៅពេលដែលយើងស្រឡាញ់នាង បើជៀសវាងបាន អ្នកគួតែជៀសវាង។
៣-ស្រីជាតារាសម្តែង ចម្រៀង កំប្លែង
តារាចម្រៀង កំប្លែង សម្តែង ភាគច្រើនជោគជ័យក្នុងអាជីពការងារខាងសិល្បៈ តែមិនប្រាកដថាពួកគាត់ជោគជ័យក្នងសុភមង្គលគ្រួសារទេ។ពួកគាត់អាចច្រៀងរាំ សម្តែងឲ្យទស្សនិជនសើចសប្បាយបាន តែមិនប្រាកដថាពួកគាត់ធ្វើឲ្យគ្រួសារពួកគាត់សើចសប្បាយនោះទេ។ យើងអាចធ្វើការអង្គេតបានតារាជាច្រើននៅក្នុងសង្គមខ្មែរយើងនាពេលបច្ចុប្បន្ន តើពួកគាត់មានស្ថានភាពបែបណា? តាមការសង្កេតរបស់ខ្ញុំ ពួកគាត់ភាគច្រើន រៀបការនិងគ្នាហើយ មិនយូរប៉ុន្មានក៏លែងលះគ្នាវិញ។ ឧទាហរណ៍ តារាចម្រៀងជើងចាស់ គឺ លោកតា ស៊ិន ស៊ីសាមុត និងអ្នកស្រីរស់ស្រីសុទ្ធាជាដើម ពួកគាត់សុទ្ធតែមិនជោគជ័យ សុភមង្គលក្នុងគ្រួសារទាំងអស់។
៤-ស្រីដែលស្រឡាញ់តែទ្រព្យសម្បត្តិយើង
ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួន វាអាចរកបាន ហើយវាក៏វិនាស់បាតទៅវិញទៅដោយឯងៗនៅថ្ងៃណាមួយជាក់ជាមិនខាន។ ប្រសិនបើ មាននារីណាម្នាក់មកស្រឡាញ់យើងព្រោះតែទ្រព្យសម្បត្តិយើង ចូរអ្នកកុំស្រឡាញ់ឲ្យសោះ។ ឧបមាថា ថ្ងៃនេះយើងមានទ្រព្យសម្បត្តិច្រើន តែថ្ងៃក្រោយយើងបាត់បង់ទ្រព្យសម្បត្តិទាំងនោះ នោះនារីនោះនឹងបោះបង់យើងចោលជាក់ជាមិនខាន ពីព្រោះនាងស្រឡាញ់ត្រឹមតែ ទ្រព្យយើង យសយើង មិនមែនស្រឡាញ់យើងដោយស្មោះទេ។ បើសិនបើនារីនោះស្រឡាញ់អ្វីដែលយើងមាន នោះទោះបីជាយើងក្រ ក៏ខិតខំរកស៊ី រួមរស់ជាមួយគ្នារហូត់ចាស់ស្លាប់។

៥-ស្រីជាប្រពន្ធគេ
បើយើងស្រឡាញ់ប្រពន្ធ យកប្រពន្ធគេ នោះវាខុសទាំងអាណាចក្រ និងពុទ្ធចក្រ។ វាធ្វើឲ្យយើងខូចកេរ្តិ៍ មានរឿងអាស្រូវក្តីក្តាំងជាដើម។ ម្យ៉ាងទៀត ឧបមាថា ប្រពន្ធដែលអ្នកស្រឡាញ់ពេញបេះដូង ពេញដើមទ្រូង នៅពេលដែលគេឆកយកប្រពន្ធអ្នកទៅ តើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកឈឺចាប់ទេ? ពិតណាស់វាប្រាកដជាឈឺចិត្ត ស្អិតទ្រូងជាក់ជាមិនខាន។ ដូច្នោះចូរអ្នកកុំស្រឡាញ់សង្សារឬប្រពន្ធអ្នកដទៃ។

ដោយៈ សម្លេងអ្នកអាន 

ប្រភព៖ ស៊ិង សុង