ស្រ្តីចងបុរសដោយចំណង៨ប្រការ

#

 ស្រ្តីចងបុរសដោយចំណង៨ប្រការ


ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថាស្រ្តីចងបុរស៨ប្រការ។ទៀតសោតចំណងនេះជាចំណងដែលពិបាកស្រាយណាស់ហើយចំណងនេះខ្លាំងជាចំណងគុកប្រវ៉ាក់ខ្សែរទៅទៀត ដូចច្នោះគ្រប់បុរសៗត្រូវតែស្វែងដើម្បីឲ្យឃ្លាតឆ្ងាយពីចំណងទាំងនេះ។

តើមានប្រការអ្វីខ្លះដែលស្រ្តីអាចចងចិត្ត ចងបេះដូងបុរសៗបាន?

១-ប្រការទី១:រូបសម្រស់គឺពណ៌សម្បុររូបរាងមុខមាត់ដែលយើងមើលឃើញខាងក្រៅ។ បើតាមចិត្តសាស្ត្រជាទូទៅបុរសគ្រប់រូបស្រឡាញ់នារីៗដំបូងបង្អស់ផ្អែកទៅលើរូបសម្បត្តិជារឿងសំខាន់។ នៅពេលបុរសៗឃើញនារីនោះស្អាតចិត្តរបស់ពួកគេបានលួចចាប់ចិត្តស្រឡាញ់នារីនោះបាត់ទៅហើយ ថែមទាំងចង់បាននាងធ្វើជាគូគ្រងទៀតផង។

២-ប្រការទី២:ការសើច/ការញញឹមគឺជាចំណង​​​​​​​​​​​​​​​​​​​​​​​ក្នុងការចងចិត្តចងបេះដូងបុរសៗ។ នៅពេលដែលនារីៗសើចដាក់យើងជាបុរសៗនោះមានន័យថាគេកំពុងតែសើចចងយើងហើយ យើងគួរតែចេះប្រយ័ត្ន។ ការសើចរបស់ស្រ្តីមាន២ប្រភេទ​ សើចមួយជាចំណង ហើយសើចមួយទៀតមិនមែនជាចំណងទេ ដែលគ្រប់បុរសៗគួដឹង ថាតើសើចមួយណាជាចំណង និងមិនមែនជាចំណង?

៣-ប្រការទី៣:ការនិយាយគឺជាចំណងផងដែរ ពីព្រោះនៅពេលដែលនាងនិយាយពីរឿងផ្ទាល់ខ្លួនរបស់នាង បញ្ហាលំបាកដែលនាងជួបប្រទះ គោលដៅជីវិតរបស់នាងពេលអនាគត​​ ពោលពាក្យសម្តីទន់ភ្លន់ វាចារពិរោះ ។ល។ឲ្យបុរសៗស្តាប់នោះចិត្តបុរសៗត្រូវបាននាងចងដោយមិនខ្លួនបាត់ទៅហើយ។ បន្ទាប់មកចិត្តបុរសៗបានបាក់ចិត្តស្រឡាញ់នាងបាត់ទៅហើយ។

៤-ប្រការទី៤​: ការច្រៀង ក៏ជាអន្ទាក់មួយក្នុងការចងចិត្តបេះដូងបុរសៗផងដែរ។ បទចម្រៀងលាយឡំជាមួយមនោសញ្ចេតនា ទុក្ខសោក សប្បាយរីករាយ កម្សត់ ដែលនាងច្រៀងយ៉ាងពិរោះបានអន្ទងចងចិត្តបេះដូងបុរសៗ និងបានធ្វើឲ្យបុរសៗធ្លាក់ក្នុងអំឡុងស្នេហ៍នាង។

៥-ប្រការទី៥:ការយំ យើងថា ការសើច ការនិយាយ ការច្រៀងជាចំណងសម្រាប់ចងបេះដូងបុរស តែការយំក៏ជាចំណងដ៏កាចសាហាវផងដែរពីព្រោះការដែលនាងយំបានធ្វើឲ្យបេះដូងបុរសៗមានការអាណិតអាសូរនាងខ្លាំងបំផុត។ បើតាមបទចម្រៀងមួយរបស់លោកស៊ិន ស៊ីសាមុត ពាក្យថាអាណិត មានន័យថា មហាស្រឡាញ់។ នោះមានន័យថា ការយំនេះជាចំណងដ៏មាំក្នុងចងចិត្តបុរសៗ។

៦-ប្រការទី៦: ស្អិតស្អាងរូបកាយ ការដែលនារីៗចេះតុបតែងខ្លួនប្រាណ(make up ) របស់នាង និងការស្លៀកពាក់ជាដើម បានធ្វើឲ្យបុរសៗមើលទៅនាងគឺប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ គួរឲ្យស្រឡាញ់និងគួរជាទីប្រាថ្នា ចង់បាននាងធ្វើជាគូសង្សារឬក៏ជាគូអនាគតក៏មាន។

៧-ប្រការទី៧: គ្រឿងបណ្តាការ គឺជាការទិញរបស់អ្វីមួយ វត្ថុអនុស្សាវរីយ៍ ចំណី ម្ហូបអាហារ មកឲ្យ ឬក៏ជូនបុរសៗ ឬក៏នាងបានធ្វើម្ហូបឲ្យបុរសនោះទទួលទានជាដើម នោះបានធ្វើបុរសៗយល់ថានារីនោះចាប់ចិត្តលើខ្លួន យល់ថានាងជានារីល្អ ហើយបានធ្វើឲ្យបុរសនោះដាក់ចិត្តនិងបាក់ចិត្តស្រឡាញ់នាងទៅ។

៨-ប្រការទី៨:ការប៉ះពាល់គឺជាចំណងដ៏កាចសាហាវបំផុតដែលបុរសៗគួរប្រយ័ត្ន។ ការដែលយើងលេងអ្វីមួយជាមួយគ្នាឬក៏ធ្វើសកម្មភាពអ្វីមួយជាមួយគ្នាហើយយើងបានប៉ះពាល់ដៃស្មា។ល។ បានបង្កើតជាចំណងក្នុងការចងចិត្តបេះដូងបុរសៗ។
បើសិនបើលោកអ្នកធ្លាប់មានបទពិសោធន៍ខ្លះៗទាក់ទងនឹងចំណុចមួយចំនួនខាងលើនោះអ្នកនឹងជឿថា ចំណុចវខាលើនេះវាពិតជាចំណងមែន បើអ្នកដែលមិនធ្លាប់ដឹងឬជួបទេ អ្នកអាចធ្វើការពិសោធន៍បាន។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង