ហេតុដែលនាំឲ្យមានរោគផ្លូវកាយ និងរោគផ្លូវចិត្ត

#

ព្រះពុទ្ធទ្រង់សម្តែងថា រោគមានពីរយ៉ាងគឺ៖

១-រោគកើតពីផ្លូវកាយ ៖ ត្រូវព្យាបាលដោយថ្នាំកែរោគផ្សេងៗ

ព្រះពុទ្ធសម្តែងថា មានរូបមានរោគជាធម្មតា គ្រាន់តែអ្នកខ្លះកើតរោគតិច ឯអ្នកខ្លះទៀតកើតរោគច្រើនប៉ុណ្ណោះ។ ពុទ្ធសាសនាបង្រៀនឲ្យមនុស្សចេះអនាម័យ ហាត់ប្រាណជាប្រចាំ ញ៉ាំអាហារណាដែលជួយដល់សារពាង្គកាយ ដើម្បីការពារកុំឲ្យមានរោគ។ ពុទ្ធសាសនាក៏ទទួលស្គាល់តាមផ្លូវវិជ្ជសាស្ត្រថា ជម្ងឺបណ្តាលមកពីមេរោគឬខូចផ្នែកណាមួយនៃអាការៈក្នុងខ្លួន ហើយថ្នាំអាចដាក់ជា បើថ្នាំនោះស្របទៅតាមប្រភេទនៃជំងឺ ។​ បើព្យាបាលមិនជា បានន័យថា ពេលវេលាកំណត់អាយុដែលត្រូវស្លាប់បានមកដល់ហើយ ស្របតាមកម្មផលរបស់ខ្លួនដែលបានសាងមក ពុំមែនជាព្រះព្រហ្មលិខិតលោកចារមកទេ។ ប៉ុន្តែបើរូបរាងកាយមានសុខភាពល្អ ប៉ុន្តែផ្លូវចិត្តគេកើតទុក្ខ នោះគេពុំមានសុភមង្គលគឺសេចក្តីសុខឡើយ។

២-រោគកើតផ្លូវចិត្តមួយ ​​៖ យើងត្រូវព្យាបាលដោយធម្មាសថ  គឺព្រះធម៌

រោគផ្លូវចិត្តបណ្តាលពីកត្តាអ្វីខ្លះ?

ដូចជាប្រាថ្នាអ្វីមួយមិនសម្រេចដូចប្រាថ្នាក៏កើតទុក្ខ។ បាត់បង់វត្ថុឬមនុស្សជាទីស្រឡាញ់ ចិត្តក៏កើតទុក្ខដោយការសោកស្តាយ។ ជួបវត្ថុឬមនុស្សដែលមិនស្រឡាញ់មិនពេញចិត្តក៏កើតទុក្ខ ដោយសារតែស្អប់វាចេះតែជួបមុខ។

ចិត្តជាធម្មជាតគ្មានរូបសណ្ឋានទ្រង់ទ្រាយអ្វីឡើយគឺជានាមធម៌ ជាធម្មជាតចេះនឹកគិតទៅរកអារម្មណ៍ផ្សេងៗ ចេះសោមនស្សរីករាយពេលដែលបានទទួលអារម្មណ៍ជាទីគាប់ចិត្ត ចេះទោមនស្សតូចចិត្តពេលដែលបានទទួលអារម្មណ៍មិនជាទីគាប់ចិត្ត។

ដកស្រង់ខ្លឹមសារសំខាន់ៗចេញពីសៀវភៅ៖​ ការព្យាបាលរោគផ្លូវចិត្តតាមវិធីពុទ្ធសាសនា 

ត្រូវបានរៀបរៀងដោយ៖ ព្រះតេជព្រះគុណ ហុក សាវណ្ណ

ដោយ៖ សម្លេងអ្នកអាន