អត្ថន័យនៃរឿងព្រេងខ្មែរទាក់ទងនិងសិរីសួស្ដី៣ប្រការ

#

អត្ថន័យនៃរឿងព្រេងខ្មែរទាក់ទងនិងសិរីសួស្ដី៣ប្រការ


ជំនឿព្រេងបុរាណមួយឈ្មោះសង្រ្កាន្តសូត្រ ដែលមានដំណាលពីកបិលមហាព្រហ្មបានចោទ ជាបញ្ហា ៣ខ ចំពោះ ធម្មបាលកុមារ។ បញ្ហាទាំង ៣ខ នោះគឺ៖
១-តើវេលាព្រឹក សិរីសួស្ដីស្ថិតនៅត្រង់ណា?
២-តើវេលាថ្ងៃត្រង់ សិរីសួស្ដីស្ថិតនៅត្រង់ណា?
៣-តើវេលាល្ងាច(យប់) សិរីសួស្ដីស្ថិតនៅត្រង់ណា?

លុះដល់ថ្ងៃចុងក្រោយទើបធម្មបាលកុមារស្វែងរកចម្លើយឃើញថាសិរីសួស្ដីនាពេលព្រឹកគឺស្ថិតនៅត្រង់មុខ(មាត់)គឺ មនុស្ស យើងតែងតែយកទឹកលុបលាងមុខ។ចំពោះ ពេលថ្ងៃត្រង់សិរីសួស្ដី គឺស្ថិតនៅត្រង់ដើមទ្រូង ដោយយើងនិយម ងួត ទឹក នាពេលថ្ងៃត្រង់។ដោយឡែក សិរីសួស្ដីនាពេលល្ងាចគឺស្ថិតនៅត្រង់ជើង គឺគេតែងតែយកទឹកលាងជើងមុនចូលដំណេក ជាដើម។


អត្ថន័យខ្លឹមសារនៃរឿងខាងលើ


តាមរយៈរឿងខាងលើគឺនោះសិរីសួស្ដីនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចក៏ដោយ គឺសុទ្ធតែផ្ដោតសំ ខាន់ទៅលើទឹកទាំងអស់។ ក្នុងន័យនេះ ទឹកគឺជាសារធាតុដែលល្អត្រជាក់ត្រជុំ មិនថាមនុស្សសត្វ ឬក៏ រុក្ខជាតិនោះទេ គឺសុទ្ធសឹងតែត្រូវការទឹកដើម្បីរស់ទាំងអស់។ យើងសង្កេតឃើញមនុស្សយើងតែងតែ យកទឹកមកលុបលាងមុខ ងួតទឹកដើម្បីជម្រះកាយ នៅពេលក្ដៅ ស្អុះស្អាប់ អស់កម្លាំងហេវហត់ និង លាងជើងជាដើម។ល។ ម្យ៉ាងវិញទៀត ទឹកនេះ គឺសំដៅលើកុសលកម្មបថ១០(កាយកម្ម៣ វចីកម្ម៤ និងមនោកម្ម៣)។

១-នាពេលព្រឹកសិរីសួស្តីនៅត្រង់មុខ(មាត់)គឺសំដៅយកវចីកម្ម៤បានដល់វាចាបួនយ៉ាង
 -វៀរចាកនិយាយកុហក

ការដែលយើងចូលចិត្តនិយាយកុហកគឺធ្វើឲ្យគេលែងទុកចិត្តលើខ្លួនយើង ហើយធ្វើឲ្យខ្លួនក្លាយ ជាមនុស្សដែល គ្មានទំនួល ខុសត្រូវ ខ្វះវិន័យផ្ទាល់ខ្លួន និងធ្វើឲ្យគេមិនចង់រាបអាន ធ្វើធុរកិច្ចជាមួយជាដើម។
 -វៀរចាកនិយាយញុះញង់

ការដែលយើងនិយាយញុះញង់គេ ធ្វើឲ្យគេបែកបាក់គ្នា ធ្វើឲ្យចំណងមិត្ត ភាព ស្នេហារបស់គេបែកបាក់គ្នាជាដើម។
 -វៀរចាកនិយាយចាក់ដោត

ការដែលយើងនិយាយចាក់ដោតគេ គឺធ្វើឲ្យគេឈឺចាប់ និងធ្វើឲ្យគេក្ដៅ ក្រហាយដោយសារយើង ហើយ ថែម ទាំង ធ្វើ គេ ស្អប់យើងផងដែរ។
-វៀរចាកនិយាយពាក្យឥតប្រយោជន៍ ការដែលយើងនិយាយពាក្យឥតប្រយោជន៍គឺនាំឲ្យយើងខាតពេលវេលាដោយសារពេលវេលាគឺមានតម្លៃឥតគណនា បើយើង ចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍។
២-នាពេលរសៀលគឺសិរីសួស្តីនៅត្រង់ដើមទ្រូងសំដៅយកមនោកម្ម៣ហើយដើមទ្រូងនេះបានដៅចិត្តបីយ៉ាង
-មិនសម្លឹងរំពៃចង់បានរបស់គេ

គឺចិត្ដរបស់យើងត្រូវអប់រំឲ្យបានល្អកុំសម្លឹងចង់បានទ្រព្យអ្នកដទៃ។ ទ្រព្យរបស់យើងដែលខំប្រឹងប្រែងរកមកគឺយើងស្រឡាញ់ ខំថែរក្សារទុក យ៉ាងមិញទ្រព្យអ្នកដទៃក៏ យ៉ាងនោះដែរ។
-មិនគិតគុំគួនគេ

ការដែលចិត្តរបស់យើងគុំគួនអ្នកដទៃ ចិត្តរបស់យើងមិនខឹងគ្រោធនិងអ្នកដទៃនោះ គឺនាំឲ្យចិត្តរបស់យើងសុខស្ងប់។
-យល់ឃើញត្រូវ

ការយល់ឃើញត្រូវ នឹងធ្វើឲ្យធ្វើរឿងគ្រប់យ៉ាងបានត្រឹមត្រូវ និងមិនប្រព្រឹត្ដអំពើអា ក្រក់ទាំងឡាយ។
៣-នាពេលយប់សិរីសូស្តីនៅត្រង់ជើងគឺសំដៅយកកាយកម្ម៣ហើយជើងរបស់បានដល់អំពើដែលយើងធ្វើទាំងឡាយធំៗបីយ៉ាង
-វៀរចាកធ្វើជីវិតសត្វឲ្យធ្លាក់ចុះ

សេចក្ដីស្រឡាញ់អ្វីមិនស្មើនិងស្រឡាញ់ជីវិតខ្លួន។មនុស្សសត្វទាំងឡាយតែងតែស្រឡាញ់ជីវិតរបស់ខ្លួនប្រាថ្នារកសុខជូន ជីវិត ខ្លួន ដូច្នោះយើងមិនត្រូវបៀតបៀនជីវិត អ្នកដទៃឡើយ។
 -វៀរចាកកាន់យករបស់អ្នកដ៏ទៃ

នៅពេលដែលយើងលួចទ្រព្យអ្នកដទៃពេលដែលគេតាមទាន់នោះធ្វើឲ្យយើងអាប់ឳនកេរ្ដិ៍ឈ្មោះ។ទ្រព្យរបស់យើង យើង ខិតខំ រកដោយញើសឈាម ខិតខំថែរក្សា វាឲ្យ បានល្អយ៉ាងណាទ្រព្យអ្នកដទៃក៏ដូចគ្នា។
-វៀរចាកប្រព្រឹតខុសក្នុងកាម

អបាយមុខ ស្រី ស្រា ល្បែងពាលា សុទ្ធតែធ្វើឲ្យយើងខូចសុខភាព និងវិនាសអត្ដរាយផ្សេងៗ។ ការលួចប្រព្រឹត្តក្នុងកាមជាមួយប្រពន្ធគឺខុសច្បាប់ទាំងអាណចក្រ និងពុទ្ធចក្រ។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង