អត្ថន័យនៃសេចក្ដីស្រឡាញ់ពិត

#

តើអ្វីជាសេចក្ដីស្រឡាញ់ពិត?

សេចក្ដីស្រឡាញ់ គឺជាភាសារបស់បេះដូង។ ខួរក្បាលផលិតនូវហេតុនិងផលខុស និងត្រូវ ហើយបេះដូងផលិតនូវមនោសញ្ចេតនាស្រឡាញ់និងស្អប់។ សេចក្ដីស្រឡាញ់ពិត គឺចេញពីចិត្តដែលគ្មានហេតុផល តែបើមានហេតុផល នោះមិនមែនជាសេចក្ដីស្រឡាញ់ពិតទេ។ ការស្រឡាញ់ពិត ពុំមែនជាតម្រូវការទេ តែសេចក្ដីស្រឡាញ់ពិត គឺជាការលះបង់។ ស្រឡាញ់ពិតលះបង់ចិត្តអាត្មានិយមចេញ។ ស្រឡាញ់ពិតជាការឲ្យ ហើយឲ្យដោយក្ដីស្រឡាញ់ ឲ្យដោយគ្មានហេតុផល ឲ្យដោយគ្មានរំពឹងផលតបស្នងមកវិញ និង

ឲ្យដោយពេញចិត្តទៀតផង។
មនុស្សមានសេចក្ដីស្រឡាញ់ពិតប្រាកដ គឺតែងចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់មានសុភមង្គល។ មនុស្សដែលស្រឡាញ់ផ្កា គង់នឹងមិនកាច់ផ្កា តែបើកាច់ផ្កាវិញ គង់នឹងធ្វើឲ្យផ្កាស្វិត ហើយនៅពេលដែលផ្កាស្រពោនស្វិត នោះអ្នកនឹងបាត់បង់ផ្កាដែលធ្លាប់ស្រឡាញ់។
មនុស្សដែលស្រឡាញ់ខ្លួនឯង តែងមិនបោះបង់ខ្លួនឯងចោលឲ្យវង្វេង តែសុខចិត្តប្រឹងប្រែងគ្រប់យ៉ាងដើម្បីឲ្យខ្លួនជោគជ័យ។ មនុស្សដែលស្រឡាញ់គ្រួសារ តែងមិនបោះបង់គ្រួសារចោលទុកឲ្យវេទនា តែសុខចិត្តតស៊ូផ្ដាច់ប្ដូរធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យគ្រួសារជោគជ័យ។ មនុស្សដែលស្រឡាញ់សង្គមជាតិ តែងមិនបោះបង់ជាតិចោលឲ្យរងទុក្ខ តែសុខចិត្តលះបង់ពលីជីវិតដើម្បីជាតិរស់។ មនុស្សស្រឡាញ់ធម្មជាតិ នឹងមិនបំផ្លាញធម្មជាតិដោយសារតែសេចក្ដីត្រូវការបែបអាត្មានិយមរបស់ខ្លួនឡើយ។ អ្វីដែលអ្នកលះបង់ គឺជាសុភមង្គល។ អ្វីដែលអ្នកធ្វើគឺជាសភមង្គល ហើយសុភមង្គលគឺមានន័យថាធ្វើអ្វីដែលអ្នកស្រឡាញ់និងស្រឡាញ់អ្វីដែលអ្នកធ្វើ។


ដកស្រង់ខ្លឹមសារសំខាន់ៗ ៖ 69 សារអំពីភាពជាអ្នកដឹកនាំ
អ្នករៀបរៀង ឡាំ លីម
ដោយ ៖ សម្លេងអ្នកអាន